មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ដាក់ផែនការ ដល់កងកម្លាំងអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ដោយគ្រោះដោយទឹកជំនន់
(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បានដាក់ផែនការ ដល់កងកម្លាំងត្រៀមអន្តរាគមន៍ សម្រាប់ដោះស្រាយយថាហេតុផ្សេងៗ ដល់គ្រប់បណ្តាកងឯកភាពចំណុះ កងពលតូចថ្មើរជើងលេខ៥១ ។
លោកមេបញ្ជាការ កងពល បានបញ្ជាក់ថា ក្នុងតួនាទីភារកិច្ច របស់កងកម្លាំងគឺត្រៀមលក្ខណៈអន្តរាគមន៍ ដោះស្រាយយថាហេតុ ២៤ម៉ោងលើ២៤ម៉ោង និងចូលរួមការពារ សន្តិសុខសណ្តាប់ធ្នាប់សង្គម ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិ ក្នុងភូមិសាស្រ្តទទួលខុសត្រូវ តាមសំណូមពរអាជ្ញាធរមូលដ្ឋាន ជាពិសេសប្រមូលផ្តុំ ត្រួតពិនិត្យ ឧបករណ៍ សម្ភារ មធ្យោបាយ សម្រាប់ជួយសង្គ្រោះតាមបទបញ្ជា ។
សូមបញ្ជាក់ថា ដោយសារភ្លៀងបន្តធ្លាក់ ធ្វើឲ្យស្ថានភាពទឹកនៅតាមអូរព្រំដែនកម្ពុជា–ថៃ បានហក់ឡើងជាបន្តបន្ទាប់ រួមជាមួយនឹងទឹកហូរធ្លាក់ពីប្រទេសថៃ អាចបណ្តាលឲ្យមានទឹកជំនន់ នៅតាមតំបន់ព្រំដែនមួចំនួនផងដែរ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានកោតសរសើរដល់នាយ–ពលទាហានទាំងអស់ ដែលបានខិតខំបំពេញនូវតួនាទីភារកិច្ច តាមផែនការ និងបទបញ្ជារបស់ថ្នាក់លើ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។
ជាចុងក្រោយឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ក៏បានផ្ដាំផ្ញើរដល់កងកម្លាំងទាំងអស់ បន្តយកចិត្តទុក្ខដាក់ ការពារខ្លួនអោយបានខ្ពស់បំផុត និងត្រូវតែធ្វើតាមការណែនាំរបស់ក្រុមគ្រូពេទ្យ ពិសេស អនុវត្តតាម អនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា គឺវិធានការ«៣ការពារ និង ៣កុំ» ៕