លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលក្រោមឱវាទប្រជុំប្រចាំខែឧសភា និងលើកទិសដៅការងារបន្តខែបន្ទាប់ឆ្នាំ២០២៣
ខេត្តបន្ទាយមានជ័យ៖នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងក្រោមឱវាទប្រជុំប្រចាំខែឧសភា និងលើកទិសដៅការងារបន្តខែមិថុនាឆ្នាំ២០២៣។កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងទាំងអស់ នាយការិយាល័យជំនាញទាំងអស់ចំណុះស្នងការដ្ឋាន លោក អធិការក្រុង–ស្រុកទាំង៩ លោកមេបញ្ជាការ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤។
លោកឧត្តមសេនីយ៍ត្រី ផាត ផល្លី ស្នងការរង ជំនួយដឹកនាំការិយាល័យសរុបវិភាគ បានឡើងអានរបាយការណ៍ ស្តីពីការបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែឧសភា ឆ្នាំ២០២៣ (គិតពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣) និងទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញនូវទិសដៅការងារខែបន្ទាប់ដល់កងកម្លាំងគឺ
– ត្រូវធានាឲ្យបានស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និង ចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងវីរ៉ុសកូវីដ១៩។
- បង្កើនការក្តាប់ និងប្រមូលផ្តុំព័ត៌មានទូទាំងខេត្ត ទាក់ទិននិងសភាពការណ៍សន្តិសុខជាតិ ជាពិសេសផែនការ និងឧបាយកលឧទ្ទាមកម្ម រួមទាំងការបំពុលព័ត៌មានតាមរយ:បណ្តាញសង្គម ដើម្បីចាត់វិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់។
– ពង្រឹងសមត្ថភាពក្នុងការតាមដានប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា តាមបណ្តាញសង្គម។
– យកចិត្តទុកដាក់ពង្រឹងវិធានការជំនាញ សំដៅធ្វើឲ្យមានបទល្មើសព្រហ្មទណ្ឌ មានការថយចុះ ដោយបន្តអនុវត្តនូវកម្មវិធីត្រួតពិនិត្យតាមភូមិសាស្ត្រក្រុង/ស្រុក ដែលមានបទល្មើសនៅមានកំណើន ជាពិសេសជម្រុញការអនុវត្តផែនការបង្ការទប់ស្កាត់ បង្ក្រាបអំពើលួច–ឆក់ឲ្យមានប្រសិទ្ធភាពខ្ពស់។
– ពង្រឹងការបង្ការ ទប់ស្កាត់ និង បង្ក្រាបបទល្មើសអំពើជួញដូរមនុស្ស និង អាជីវកម្មផ្លូវភេទ (ទម្រង់ថ្មីនៃការជួញដូរមនុស្សភ្ជាប់ជាមួយប្រព័ន្ធឌីជីថល)។
– ត្រូវបង្កើនការផ្តល់សេវាអត្តសញ្ញាណប័ណ្ណ និងសៀវភៅស្នាក់នៅជូនពលរដ្ឋឲ្យបានទាន់ពេលវេលា ទាំងអ្នកទើបគ្រប់អាយុនិងអ្នកហួសសុពលភាព។
- ពង្រឹងការគ្រប់គ្រងកម្លាំង ការគោរពវិន័យ វេនប្រចាំការ ការងារយាមល្បាត និងកម្លាំងត្រៀមអន្តរាគមន៍២៤ម៉ោងលើ២៤ម៉ោង ទប់ស្កាត់ និងបទល្មើសផ្សេងៗដែលអាចកើតមានជាយថាហេតុ និង គ្រោះធម្មជាតិនានា ៕