ភ្នាក់ងារសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច នៃបណ្តាប្រទេសជិតខាង ព្រះរាជាណាចក្រថៃ (NEDA) ចុះពិនិត្យមេីលវឌ្ឍនភាពច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់
បន្ទាយមានជ័យ៖ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យ និងធ្វើសន្និសីទសារព័ត៌មាន ស្តីពីសមិទ្ធផលនានា នៃគម្រោងរៀបចំច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអភិរឌ្ឍន៍ សេដ្ឋកិច្ចប្រទេសជិតខាង របស់ព្រះរាជាណាចក្រថៃ (NEDA) ដឹកនាំដោយ ឯកឧត្តម Perames Vudthitornetiraks ប្រធានស្ថាប័ន NEDA តំណាងស្ថានទូតថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា មានការចូលរួមពីអភិបាលរងខេត្តបន្ទាយមានជ័យ រួមនិងមន្ត្រីពាក់ព័ន្ធ។
រាជរដ្ឋាភិបាលកម្ពុជា បានទទួលហរិញ្ញប្បទានពីទីភ្នាក់ងារសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច នៃបណ្តាប្រទេសជិត ខាង (NEDA) នៃព្រះរាជាណាចក្រថៃ មានទំហំទឹកប្រាក់ចំនួនប្រមាណ២៦,៤២លាន ដុល្លារអាមេរិក ដើម្បីសាងសង់ ១– អគារច្រកត្រួតពិនិត្យព្រំដែន និងផ្លូវ, ២– សំណង់ អគារអន្តេវាសិកដ្ឋាន, ៣– ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ “ឃ្លាំង និងទីលានកុងតែន័រ”, ៤–ការជួសជុលកែលម្អផ្លូវចាស់ និង ៥– សំណង់កាត់បន្ថយគ្រោះទឹកជនន់។
សំណង់អគារច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ នៅក្នុងខេត្តបន្ទាយមានជ័យ ដែលមានចម្ងាយប្រមាណ៧គីឡូម៉ែត្រ ពីច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ សមិទ្ធផល អគារច្រកទ្វារអន្តរជាតិថ្មីនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ និងមិនអាចខ្វះបានក្នុងការជួយសម្របសម្រួលការធ្វើពាណិជ្ជកម្ម និងវិនិយោគអន្តរជាតិ គាំទ្រដល់ការពង្រីកពាណិជ្ជកម្ម និងធ្វើឱ្យប្រសើរនូវប្រព័ន្ធដឹកជញ្ជូន និងអាចដោះស្រាយចំនួនចរាចរណ៍ ដឹកជញ្ជូនប្រចាំថ្ងៃច្រើនជាងមុនរហូតដល់៦០០គ្រឿងក្នុងមួយថ្ងៃ បន្ថយការកកស្ទះចរាចរណ៍ និងធ្វើឱ្យប្រសើរឡើងការដឹកជញ្ជូនទំនិញនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងក្លងឡឹក។ បច្ចុប្បន្ន អគារច្រកទ្វារអន្តរជាតិថ្មីនេះ បានបើកដំណើរការជាបណ្តោះអាសន្ន ចាប់ពីចុងឆ្នាំ២០២៣កន្លងមក និងមានរថយន្តឆ្លងកាត់ជាមធ្យមចំនួន ១៥០ ទៅ២០០គ្រឿងក្នុងមួយថ្ងៃ។
សូមបញ្ជាក់ជូនថា គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងបានបញ្ចប់ការសាងសង់នៅកាលពីខែសីហា ឆ្នាំ២០២៣៕