ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម អញ្ជើញបិទវគ្គអប់រំនយោបាយ ដល់ថ្នាក់ដឹកនាំមូលដ្ឋាន ស្រុកស្រីសន្ធរ
ខេត្តកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា –ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គអប់រំនយោបាយ សម្រាប់ថ្នាក់ដឹកនាំមូលដ្ឋានឃុំ ភូមិ ក្នុងស្រុកស្រីសន្ធរ ។ពិធីនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សស្រុក ដោយមានការអញ្ជើញចូលរួមពីគណៈអចិន្ត្រៃយ៍បក្សខេត្ត ស្រុក ឃុំ និងមន្ត្រីគណបក្សពាក់ព័ន្ធ ព្រមទាំងសិក្ខាកាមចូលរួមប្រមាណជិត ២០០នាក់ ផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្ត បានចូលរួមអបអរសាទរ ចំពោះវគ្គសិក្សាក៏ដូចសិក្ខាកាមទាំងអស់ និងបានគូសបញ្ជាក់ថា ការរៀនសូត្រក្នុងវគ្គអប់រំនយោបាយរបស់គណបក្ស គឺជាការងារចាំបាច់សម្រាប់មន្ត្រីគណបក្សគ្រប់រូប ព្រោះថាតាមរយៈការរៀនសូត្រនេះ នឹងផ្តល់ឲ្យសិក្ខាកាមនូវចំណេះដឹងលើផ្នែកនយោបាយ សតិអារម្មណ៍ និងការចាត់តាំងឱ្យកាន់តែរឹងមាំឡើង សម្រាប់យកទៅប្រើប្រាស់ក្នុងការអនុវត្តជាក់ស្តែង ទាំងក្នុងការងារកសាងគណបក្ស ទាំងក្នុងការងារជំនាញនៅតាមឃុំ របស់ខ្លួន ក៏ដូចក្នុងការងារពង្រឹងមូលដ្ឋាន ជាពិសេសការអនុវត្តគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព ទាំង៧ចំណុចឱ្យទទួលបានជោគជ័យ ។
ជាមួយគ្នានោះឯកឧត្តម ក៏បានក្រើនរំឭកដល់សិក្ខាកាមទាំងអស់ សូមបន្តខិតខំរួមចំណែកជាមួយគណៈកម្មាធិការនៃគណបក្សគ្រប់លំដាប់ថ្នាក់ក៏ដូចសាខាគណបក្សដែលខ្លួនកំពុងមានជីវភាព និងមូលដ្ឋានដែលខ្លួនចុះទៅបំពេញការងារ ដើម្បីបន្តកសាងពង្រឹងគណបក្សលើគ្រប់ផ្នែកឲ្យឆ្លើយតបទៅនឹងសំណូមពរនៃសភាពការណ៍ និងភារកិច្ចរបស់គណបក្សក្នុងដំណាក់កាលបច្ចុប្បន្ននេះ ជាពិសេសជួយមូលដ្ឋាន ដើម្បីដណ្តើមជ័យជម្នះក្នុងការបោះឆ្នោតខាងមុខនេះ ,ជួយគណៈកម្មាធិការគណបក្ស ក្នុងការអប់រំនយោបាយ បន្តដល់មន្រ្តី និងយុវជននៃគណបក្ស ដែលពុំទាន់បានទទួលការអប់រំនយោបាយនេះនៅឡើយ ស្របតាមស្ថានភាព និងលទ្ធភាពជាក់ស្តែងនៅតាមកន្លែងនីមួយៗ , ត្រូវប្រកាន់ខ្ជាប់នូវអត្តចរិត និងសីលធម៌ល្អប្រពៃរបស់មន្រ្តីគណបក្ស បង្ហាញភាពជាគំរូ ក្នុងការអនុវត្តកម្មវិធីនយោបាយ លក្ខន្តិកៈគណបក្ស និងច្បាប់របស់រដ្ឋ ចេះស្វ័យត្រួតពិនិត្យខ្លួន ជាប្រចាំ និងមិនត្រូវមើលរំលងចំណុចខ្វះខាតរបស់ខ្លួនឡើយ , ត្រូវផ្សារភ្ជាប់ខ្លួនជាមួយប្រជាជន ដាក់ខ្លួនជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន យកចិត្តទុកដាក់អប់រំប្រជាជន លើកកម្ពស់ការចូលរួមអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាល និងខិតខំស្វែងយល់ និងដោះស្រាយតម្រូវការ ឬបញ្ហានានា ដែលជាកង្វល់ដ៏ត្រឹមត្រូវរបស់ប្រជាជនឲ្យបានល្អ ទាំងប្រជាជននៅតាមមូលដ្ឋានឃុំ , ខិតខំពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ទាំងខាងទស្សនៈ គោលជំហរ និងសកម្មភាព ដើម្បីការពាររាល់សមិទ្ធផលរបស់ជាតិ និងសម្រេចបានជោគជ័យថ្មីៗទៀត ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ,បន្តខិតខំរៀនសូត្រឲ្យបានជាប់ជាប្រចាំតាមគ្រប់រូបភាព ដើម្បីបង្កើនសមត្ថភាពឥតឈប់ឈរលើគ្រប់ផ្នែក។
ទន្ទឹមនោះឯកឧត្តម ប្រធានគណបក្សខេត្ត បានសង្កត់ធ្ងន់ថា មន្ត្រីគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែកនៅថ្នាក់មូលដ្ឋាន ត្រូវប្រកាន់ជំហរ ការពារដាច់ខាត សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ទប់ស្កាត់ការប៉ុនប៉ងបង្កចលនារបស់បក្សពួកប្រឆាំង និងមជ្ឈដ្ឋានអគតិ សំដៅធានាដំណើរការអភិវឌ្ឍ ការរស់នៅដ៏សុខសាន្តរបស់ប្រជាជនកម្ពុជា នឹងចូលរួមគាំទ្រយ៉ាងក្លៀវក្លានូវគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស៕