ក្រុមការងារព័ត៌មានវិទ្យា កងពលតូចថ្មើរជើងលេខ៥១ អប់រំផ្សព្វផ្សាយ សភាពការណ៍ថ្មីៗ និងបច្ចេកវិទ្យាឌីជីថល
(បន្ទាយមានជ័យ)៖ក្រុមការងារព័ត៌មានវិទ្យា កងពលតូចថ្មើរជើងលេខ៥១ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានអប់រំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ប្រកបដោយភាពទទួលខុសត្រូវ និងរក្សាបាននូវការងារលក្ខការណ៍របស់កងទ័ពដែលពាក់ព័ន្ធដល់សន្តិសុខជាតិ ដែលឧទ្ទេសនាមដោយលោកវរសេនីយ៍ត្រី អ៊ុក ម៉ារ៉ាឌី ដោយមានការអញ្ជើញចូលរួមពី នាយទាហាន នាយទាហានរង និងពលទាហាន ដែលប្រព្រឹត្តឡើងនៅទីបញ្ជាការ កងពលតូចថ្មើរជើងលេខ ៥១ ស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ និងនៅទីបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៤ ស្ថិតនៅភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី អ៊ុក ម៉ារ៉ាឌី បានគូសបញ្ជាក់ថា បច្ចេកវិទ្យាឌីជីថល បច្ចុប្បន្នកំពុងវិវត្តន៍ប្រកបដោយនវានុវត្តន៍ភាព ជាពិសេសបណ្តាញទំនាក់ទំនងសង្គម ដែលកំពុងដើរតួយ៉ាងសំខាន់ក្នុងការប្រើប្រាស់របស់មនុស្សលោកជាសកល ដែលវាបានផ្តល់នូវផលវិជ្ជមាន និងអវិជ្ជមាន អាស្រ័យលើអ្នកប្រើប្រាស់ ចំពោះកងកម្លាំង ត្រូវអនុវត្តឲ្យបានការរក្សាការសម្ងាត់យោធា ដែលបានកំណត់ឲ្យបានជាប់ជាប្រចាំ។
ក្នុងឱកាសនោះដែរ លោកវរសេនីយ៍ត្រី ក៏បានថ្លែងកោតសរសើរ ដល់នាយទាហាន នាយទាហានរង និងពលទាហាន ដែលតែងតែចែករំលែក លើបណ្តាញទំនាក់ទំនងសង្គម នូវសកម្មភាពល្អៗ ការវិវត្តន៍រីកចម្រើន នៃប្រទេសជាតិ សកម្មភាពថ្នាក់ដឹកនាំ លើកស្ទួយកិត្តិយសជាតិ លុបបំបាត់នូវការ ផ្សាយបំផ្លើសការពិត របស់ចលនាក្រុមឧទ្ទាមចង់ធ្វើបដិវត្តន៍ពណ៌ទាំងសកម្មភាពជាក់ស្តែង និងបណ្តាញទំនាក់ទំនងសង្គម ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់៕