ជនជាតិឥណ្ឌូនេស៊ីម្នាក់ បានស្លាប់មុនពេលបញ្ជូនទៅមន្ទីរពេទ្យ ដោយជម្ងឺគាំងបេះដូងនៅក្រុងប៉ោយប៉ែត
(បន្ទាយមានជ័យ)៖ជនជាតិឥណ្ឌូនេស៊ី ឈ្មោះ SAMUEL IVAN JULIO អាយុ ៣០ ឆ្នាំ(៣–កក្កដា–១៩៩៣) កាន់លិខិតឆ្លងដែនលេខ៖ C ២១០៧៤៣០ ស្នាក់នៅបណ្តោះអាសន្ន ភូមិសមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានស្លាប់មុនពេលបញ្ជូនទៅមន្ទីរពេទ្យដោយជម្ងឺគាំងបេះដូង នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅបុរីដួងច័ន្ទក្នុងភូមិ/សង្កាត់ខាងលើ។
នគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖៖តាមការបំភ្លឺពីឈ្មោះ EGA ANDREA ភេទប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី កាន់លិខិតឆ្លងដែនលេខ ៖C ៩៦៣៩៥៥៤ ត្រូវជាមិត្តភក្តិស្នាក់នៅបន្ទប់ជាមួយគ្នា សាក្សីដឹងលឺនៅកន្លែងកើតហេតុ បានប្រាប់សមត្ថកិច្ចថា គាត់មកបំរើការងារក្នុងក្រុងប៉ោយប៉ែតបានរយះពេលប្រហែលចំនួន ៧ ខែមកហើយ និងបានស្នាក់នៅជាមួយឈ្មោះ SAMUEL IVAN JULIO ភេទប្រុស (សាកសព) នៅក្នុងបុរីដួងច័ន្ទ ស្ថិតក្នុងភូមិ/សង្កាត់ខាងលើ។តាមដែលខ្លួនបានដឹងនៅប្រហែល ២សប្តាហ៏មុន (សព)បានប្រាប់ខ្លួនថា ឈឺដើមទ្រូង និងថប់ៗ ពិបាកដង្ហើម ។ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ម៉ោងប្រហែល ៧ព្រឹក គាត់បានងើបពីដេក ហើយបានប្រាប់ខ្លួនថា គាត់ឈឺដើមទ្រូង ពិបាកដកដង្ហើម បន្ទាប់មកគាត់ក៏បានចូលទៅសម្រាកវិញ ហើយខ្លួនបានចុះទៅផ្ទះបាយនិងប្រាប់មិត្តភក្តិផ្សេងទៀតអោយដឹងពីស្ថានភាពជំងឺរបស់គាត់។លុះដល់វេលាម៉ោងប្រហែល ៩ ព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ខ្លួនបានទៅដាស់គាត់ ស្រាប់តែពេលនោះ គាត់បានដេកស្តូកស្តឹងពុំដឹងខ្លួន ហើយខ្លួនក៏បានស្រែកប្រាប់មិត្តភក្តិអោយមកជួយ និងដឹកគាត់តាមម៉ូតូ ផាស្អាប់យកទៅសង្គ្រោះនៅពេទ្យ ចាស្មីន។ពេលមកដល់ពេទ្យចាស្មីន គ្រូពេទ្យពុំទទួលមើលទេ បន្ទាប់គាត់ក៏បានអោយខ្លួនដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែតវិញ ពេលដល់មន្ទីរបង្អែកប៉ោយប៉ែតប្រហែលជាម៉ោង ១០ ព្រឹក លោកគ្រូពេទ្យបានពិនិត្យជីបចរ និងធ្វើចលនាបេះដូង ប៉ុនែ្តមិនអាចជួយសង្គ្រោះបានទេ ហើយបានប្រាប់ខ្លួនថា គាត់បានស្លាប់បាត់ហើយ។
នគរបាលបានបញ្ជាក់ថា៖នៅវេលាម៉ោង ១១ និង៥២នាទីព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ដោយមានការសម្របសម្រួលពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ យើងបានបង្កើតគណៈកម្មការដើម្បីត្រួតពិនិត្យសាកសព ។តាមការត្រួតពិនិត្យរបស់ក្រុមការងារត្រួតពិនិត្យសាកសព៖
១–ផ្នែកក្បាល ពុំមានស្លាកស្នាមអ្វីគួរអោយគត់សំគាល់ទេ
២– ផ្នែកដងខ្លួន ពុំមានស្លាកស្នាមអ្វីគួរអោយគត់សំគាល់ទេ
៣– ផ្នែកអវយវះ ពុំមានស្លាកស្នាមអ្វីគួរអោយគត់សំគាល់ទេ។តាមការសន្និដ្ឋានរបស់ក្រុមការងារត្រួតពិនិត្យ និងលោកវជ្ជបណ្ឌិត វ៉ាន់ ចេស គ្រូពេទ្យកោសល្យវិច្ច័យនៃមន្ទីរពេទ្យបង្អែកប៉ោយប៉ែតនិងយោងតាមបំភ្លឺពីឈ្មោះ EGA ANDREA ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិ ឥណ្ឌូនេស៊ី ត្រូវជាមិត្តភក្តិ ស្នាក់នៅជាមួយគ្នា សាក្សីដឹងលឺនៅកន្លែងកើតហេតុ។យើងអាចសន្និដ្ឋានបានថា ជនរងគ្រោះបានស្លាប់ដោយសារជម្ងឺគាំងបេះដូង ពុំពាក់ព័ន្ធនឹងអំពើឃាតកម្មរឺអត្តឃាតឡើយ។
នគរបាលក្រុងប៉ោយប៉ែតបានបញ្ជាក់បន្ថែមទៀតថា៖ដោយមានការស្នើសុំពីម្តាយបង្កើត សពត្រូវបានដឹកយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ និងប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕