ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម ឡាំ ជា រដ្ឋមន្រ្ដីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានអញ្ជើញចុះត្រួតពិនិត្យ
(១) ភូមិសាស្ត្របរិវេណច្រកទ្វារព្រំដែនបឹងត្រកួន និងបង្គោលព្រំដែនលេខ៣៦ ដែលមានទីតាំងស្ថិតក្នុងភូមិសាស្រ្ត ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
(២) ភូមិសាស្ត្របរិវេណច្រកទ្វារព្រំដែនព្រៃចាន់ និងបង្គោលព្រំដែនលេខ៤៣ ដែលមានទីតាំងស្ថិតក្នុងភូមិសាស្រ្ត ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
(៣)ច្រកទ្វារព្រំដែនអូរបីជាន់ និងបង្គោលព្រំដែនលេខ ៤៤ ដែលមានទីតាំងស្ថិតក្នុងភូមិសាស្រ្ត ភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។
(៤) ភូមិសាស្រ្តតំបន់ទំនប់ក៥ ដែលមានទីតាំងស្ថិតក្នុងភូមិសាស្រ្ត ភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
(៥) ត្រួតពិនិត្យភូមិសាស្រ្តបរិវេណច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងបង្គោលព្រំដែនលេខ៤៩ ដែលមានទីតាំងស្ថិតក្នុងភូមិសាស្រ្ត ភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និង(៦) ត្រួតពិនិត្យភូមិសាស្រ្តបរិវេណច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងស្ពានស្ទឹងបត់ ដែលមានទីតាំងស្ថិតក្នុងភូមិសាស្រ្ត ភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។
ក្នុងដំណើរអញ្ជើញចុះត្រួតពិនិត្យបង្គោលព្រំដែន និងច្រកទ្វារព្រំដែនអន្តរជាតិ នេះ មានការចូលរួមអមដំណើរពីសំណាក់ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ កងកម្លាំងការពារព្រំដែនប្រចាំទិសព្រំដែននីមួយៗ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធគ្រប់លំដាប់។
នាឱកាសចុះត្រួតពិនិត្យ និងសំណេះសំណាលសួរសុខទុក្ខនោះ ឯកឧត្ដមរដ្ឋមន្ត្រី និងជាប្រធានគណៈប្រតិភូ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងការកោតសរសើរពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់កងកម្លាំងទាំងអស់ដែលកំពុងឈរជើងការពារអធិបតេយ្យ និងបូរណភាពទឹកដី តាមបណ្តោយព្រំដែនកម្ពុជា–ថៃ។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្ត និងជូនពរឱ្យកងកម្លាំងទាំងអស់ មានសុខភាពល្អមាំមួន ដើម្បីបន្តបំពេញភារកិច្ចជូនជាតិមាតុភូមិ និងប្រជាជន ដែលរាជរដ្ឋាភិបាល បានប្រគល់ជូន ព្រមទាំងណែនាំដល់កងកម្លាំងដែលឈរជើងនៅតាមព្រំដែន ត្រូវពន្យល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ ឲ្យយល់ដឹងអំពីអ្វីជាបង្គោលព្រឹថពីវិភាគ(GPS NETWORK) និងជាបង្គោលជំហរ ព្រោះថាបង្គោលទាំងពីនេះ មិនមែនជាបង្គោលព្រំដែនទេ ហើយក៏មិនមែនជាចំណុចស នោះដែរ ៕