ពិធីកាត់ឬសសីមាព្រះវិហារវត្ត ថ្មគអន្លង្សារ ស្រុកព្រះនេត្រព្រះ ក្រោមអធិបតីភាព លោកជំទាវ មហាឧបាសិកា ពុទ្ធសាស្ត្ររូបត្ថម្ភ បណ្ឌិត ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន
(បន្ទាយមានជ័យ)៖ព្រះវិហារស្ថិតនៅ វត្ត ថ្មគអន្លង្សារ ក្នុងស្រុកព្រះនេត្រព្រះ ដែលមានទំហំបណ្ដោយ ២១ ម៉ែត្រ ទទឹង ១៩ ម៉ែត្រ ដែលបានធ្វើការជួសជុលតាំងពីឆ្នាំ២០១៩ និងបានបញ្ចប់ការជួសជុលរួចជាស្ថាពរចុងឆ្នាំ២០២២ ដែលត្រូវបានចំណាយថវិកាអស់សរុបចំនួន ៩០,០២១សហរដ្ឋអាមេរិច ដើម្បីព្រះសង្ឃនិងពុទ្ធបរិស័ទ ប្រើប្រាស់ទៅតាមទំនៀមទម្លាប់ប្រពៃណីនៃព្រះពុទ្ធសាសនា នឹងត្រូវបានធ្វើពិធីបញ្ចុះខ័ណ្ឌសីមាសម្ពោធឆ្លងជាថ្មី នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកជំទាវ មហាឧបាសិកា ពុទ្ធសាស្ត្ររូបត្ថម្ភ បណ្ឌិត ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន។
លោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះបានឲ្យដឹងថា កាលដើមឡើយព្រះវិហារនេះមានអាយុកាលចំណាស់រាប់រយឆ្នាំ មានភាពទ្រុឌទ្រោមខ្លាំងទើបកើតឡើងជាកម្លាំងមហាសាមគ្គី សទ្ធាជ្រះថ្លាពីសំណាក់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ កូនប្រុសស្រីបានចំណាយចូលជាថវិកាចំនួន ៣២,៧៤៥ ដុល្លារនិងថវិកាចូលរួមពីរឯកឧត្តម លោកជំទាវ លោកលោកស្រី ពុទ្ធបរិស័ទ សប្បុរសជនចំនួន ៥៧,២៧៦ ដុល្លារ។
ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា ព្រះពុទ្ធសាសនាជាសាសនានៃសន្តិភាព ដូចនេះឱ្យយើងត្រូវតែយកចិត្តទុកដាក់ ជួយជ្រុំជ្រែងលើកកម្ពស់វិស័យពុទ្ធសាសនា ឱ្យមានភាពរីកចម្រើនសមស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រង់ជំពូក ៣ មាត្រា ៤៣ បានចែងថា ប្រជាពលរដ្ឋទាំងពីរភេទ មានសិទ្ធិពេញលេញខាងជំនឿនិងការប្រតិ្តប័ត ខាងផ្លូវសាសនាត្រូវបានរដ្ឋធានាក្នុងលក្ខខណ្ណ័ដែលមិនប៉ះពាល់ដល់ជំនឿឬសាសនាដទៃទៀត ជាពិសេសការបន្តពង្រឹង ពុទ្ធិកសិក្សានៅគ្រប់កម្រិតក្នុងគោលបំណងបង្កើនធនធានព្រះសង្ឃ។
ចុងក្រោយគណៈអធិបតីបានចែកជូនសារុងម្នាក់មួយដល់ប្រជាពលរដ្ឋចូលរួម និងចែជូនដល់ប៊ិច សៀវភៅនិងថវិកាដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ព្រមទាំងបានប្រគេនអង្ករ គ្រឿងឧបភោគបរិភោគដល់ព្រះសង្ឃផងដែរ។ គួរបញ្ជាក់ថា បច្ច័យដែលទទួលបានក្នុងកម្មវិធីបុណ្យនេះដែល ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលមានសទ្ធាជ្រះថ្លាចូលរួមសរុបថវិកាចំនួន ១៣ លានរៀល៕