ពិធីកាត់ឬសីមា នៅវត្ត រតនសុខសាន្ត អូខៃដន ក្នុងក្រុងប៉ោយប៉ែត ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ
ខេត្តបន្ទាយមានជ័យ៖ព្រះវិហារដ៏ធំស្កិមស្កៃស្ថិតនៅវត្ត រតន សុខសាន្ត អូខៃដន ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលត្រូវបានចំណាយថវិកាសាងសង់អស់ប្រមាណជា ៦០ម៉ឺនដុល្លារសហរដ្ឋអាមេរិច ត្រូវបានធ្វើពិធីកាត់ឬសីមាសម្ពោធឆ្លង នាចុងសប្តាហ៍កន្លងទៅថ្មីៗនេះ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងលោកជំទាវ។
បើតាមរបាយការណ៍របស់ព្រះគ្រូចៅអធិការវត្តអូខៃដននេះ ព្រះនាម ណយ ណេត ព្រះអង្គមានសង្ឃដីកាថា សមិទ្ធផលនានាក្នុងវត្តដែលត្រូវបានប្រារព្ធធ្វើពិធីបុណ្យឆ្លងនាពេលនេះ គឺបានដោយសទ្ធាជ្រះថ្លាពីរប្រជាពុទ្ធបរិស័ទក្នុងនិងក្រៅប្រទេស ពិសេសក្រុមលោកឧកញ៉ា អស់លោក លោកស្រី ជាអាជីវករក្នុងក្រុងប៉ោយប៉ែត ដែលពួកគាត់បានចំណាយទ្រព្យធន់ផ្ទាល់ខ្លួន ចូលរួមជាកម្លាំងមហាសាមគ្គី ផ្ដើមបានជាសមិទ្ធផលនានាក្នុងវត្តអូខៃដន សម្រាប់ព្រះសង្ឃបានប្រើប្រាស់នឹងធ្វើពិធីបុណ្យផ្សេងៗ ព្រោះថាតំបន់នេះពីដើមឡើយជាតំបន់សង្គ្រាមដ៏រាំរ៉ៃ។
ឯកឧត្តម អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ ថ្លែងនូវអំណរគុណចំពោះសប្បុរសជន ក្នុងនិងក្រៅប្រទេសដែលបានលះបង់ថវិកាផ្ទាល់ខ្លួន ជួយដល់វិស័យព្រះពុទ្ធសាសនានៃយើង ឱ្យកាន់តែមានការរីកចម្រើនឡើង។ឯកឧត្តម អ៊ុំ រាត្រី មានប្រសាសន៍បន្តថា បរិយាកាសដែលបង្កលក្ខណៈឲ្យយើងអាចធ្វើការអភិវឌ្ឍ កសាងសមិទ្ធផលនានាជាច្រើនបាននាពេលបច្ចុប្បន្ននេះ គឺអាស្រ័យកត្តាបីសំខាន់ៗ ទី១.សុខសន្តិភាព ,ទី២.សិទ្ធិសេរីភាព និងទី៣.ការរីកចម្រើនផ្នែកជីវភាពរបស់ប្រជាពលរដ្ឋ ដោយកត្តាសន្តិភាពនេះហើយបានផ្ដល់ឱកាសឲ្យប្រទេសយើង មានការអភិវឌ្ឍន៍លើគ្រប់វិស័យ មានការរីកចម្រើនយ៉ាងខ្លាំងខ្លា នេះក៏ដោយសារការជឿជាក់លើករាជរដ្ឋាភិបាល ដែលមានគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវ ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋជិតឆ្ងាយ សប្បាយរីករាយ រួបរួមសាមគ្គីគ្នា រួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា បោះជំហានអភិវឌ្ឍន៍ឈានឡើងជាលំដាប់។
ចុងក្រោយគណៈអធិបតីបានប្រគេនប័ណ្ណ ថ្លែងអំណរគុណ ប័ណ្ណសរសើរដល់ព្រះតេជគុណ សប្បុរសជននិងបានចែកជូនដល់ តាជី យាយជី ១០០នាក់ សំលៀកបំពាក់ ១គំភ្លេ និងថវិកា ៥០០០រៀល លោកគ្រូអ្នកគ្រូ ៨នាក់ ក្នុង១នាក់ សារុង១ ថវិកា ២០០០០រៀល សិស្សានុសិស្ស ១០០នាក់ ក្នុង១នាក់ សៀវភៅ ២ក្បាល់ ប៊ិច ២ដើម ថវិកា ៥០០០រៀល ប្រជាពលរដ្ឋចំនួន ២០០នាក់ ក្នុង១នាក់ អង្ករ ២៥គីឡូក្រាម មី១កេះតូច ទឹកសុទ្ធ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ ត្រីខ ១យួរ ខ្លាញ់ ២ដប៕