វេទិការពិភាក្សាពីគ្រោះយោបល់ អំពីវឌ្ឍនភាពការងារលើគ្រប់វិស័យ ទូទាំងខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖រដ្ឋបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃអាទិត្យទី២៨ ខែឧសភាឆ្នាំ ២០២៣ បានរៀបចំវេទិកាពិភាក្សាពីគ្រោះយោបល់ អំពីវឌ្ឍនភាពការងារគ្រប់វិស័យទូទាំងខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពិភាក្សាពិគ្រោះយោបល់ជាមួយ និស្សិតសកលវិទ្យាល័យគ្រប់គ្រងនឹងសេដ្ឋកិច្ចហៅកាត់ “UME” ដែលមានការចូលរួមប្រមាណជាង ៨០០នាក់។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានឡើងធ្វើបទបង្ហាញ ស្ដីពីវឌ្ឍនភាពការងារលើកវិស័យទូទាំងខេត្តដោយបញ្ជាក់ថា នៅក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ ខេត្តបន្ទាយមានជ័យក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវកម្មវិធីនយោបាយ យុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ និងដោយមានការចង្អុលបង្ហាញ ណែនាំផ្ទាល់ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្រសួងស្ថាប័នផ្សេងៗទៀត ។ខេត្តបន្ទាយមានជ័យបាននឹងកំពុងមានការរីកចម្រើន ហ្នឹងប្រែប្រួលមុខមាត់ជាបន្តបន្ទាប់ផ្នែកសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន និងសមិទ្ធផល រូបវ័ន្ដជាច្រើន ជាពិសេសជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ ។ជាមួយគ្នានេះរដ្ឋបាលខេត្តបន្ទាយមានជ័យ បាននឹងកំពុងខិតខំបង្កើនផលិតភាពការងាររដ្ឋបាល និងការបម្រើសេវារដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋកាន់តែបានល្អប្រសើរជាងមុន។
ឯកឧត្តម អ៊ុំ រាត្រី បានបន្តថា វិស័យអាទិភាពសំខាន់ៗជាច្រើនដែលប្អូនៗក្មួយៗ ត្រូវយកចិត្តទុកដាក់នោះគឺវិស័យកសិកម្ម វិស័យពាណិជ្ជកម្ម វិនិយោគ និងវិស័យអប់រំ។ ក្នុងវេទិកាពិភាក្សាពីគ្រោះយោបល់នេះផងដែរ ព្រះសង្ឃ ប្អូនៗក្មួយៗ ដែលជានិស្សិតបានមានសង្ឃដីកានិងលើកឡើងជាសំណួរជូនដល់គណៈអធិបតី ដើម្បីធ្វើការឆ្លើយតបនិងដោះស្រាយរួមមានបញ្ហា ទឹកជំនន់ តម្លៃកសិផលនានា ការប្រឡងចូលការងាររបស់មន្ត្រីរាជការ ប៉ូលីស ទាហាន ប៉េអឹម បញ្ហាប្រឈមរឿងគ្រឿងញៀន ក្មេងទំនើង បងតូចបងធំនិងបញ្ហាអនាម័យបរិស្ថាន៕