ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភថវិកាចំនួន ១០លានរៀល ដល់យោធិនដែលរងរបួសក្នុងប្រតិបត្តិការជួយសង្គ្រោះស្រ្តីជនជាតិថៃ រងរបួសដោយសារផ្ទុះមីន នៅព្រំដែនកម្ពុជា-ថៃ
ខេត្តបន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ នាថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០២៣ បាននាំយកថវិការបស់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមន្នី ចំនួន ១០លានរៀល ជូនដល់លោកពលបាលឯក សេង ឆន យោធិនយោធភូមិភាគទី៥ ដែលរងរបួសធ្ងន់ ដោយសារផ្ទុះមីន កំឡុងពេលចូលជួយសង្គ្រោះ ស្រ្តីជនជាតិថៃម្នាក់ អាយុប្រហែល ៤០ឆ្នាំ បានដើរចូលរកបេះបន្លែ ក្នុងតំបន់មានមីន ព្រំដែនកម្ពុជា–ថៃ បណ្តាលឲ្យផ្ទុះមីន របួសដាច់ជើងឆ្វេង និងផ្នែកក្បាលធ្ងន់ធ្ងរ កាលពីវេលាម៉ោង ១០:៤៥នាទី ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅតំបន់ព្រំដែន ជើងភ្នំប្រាក់ ស្ថិតនៅក្នុងភូមិក្តឹបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ផងដែរថា បន្ទាប់ពីទទួលបានព័ត៌មាន មានជនជាតិថៃ រងរបួសដោយសារផ្ទុះមីន ក្នុងតំបន់មីន កងកម្លាំងដោះមីន យោធភូមិភាគទី៥ ចំនួន ២៧នាក់ សហការជាមួយកងកម្លាំងភាគីថៃ នៅទល់មុខតំបន់កើតហេតុ បានចេញប្រតិបត្តិការ ធ្វើផ្លូវចូលទៅជួយសង្គ្រោះភ្លាមៗ បានប្រហែល១ម៉ោង ខណៈកាប់ឆ្ការព្រៃ រាវរកមីន បានបណ្តាលឲ្យផ្ទុះមីន ត្រូវផ្ទៃមុខយោធិន ម្នាក់បណ្តាលឲ្យរងរបួស និងបានបញ្ជូនទៅកាន់មន្ទីរពេទ្យយោធភូមិភាគទី៥ ភ្លាមៗផងដែរ។ដោយឡែក ស្រ្តីជនជាតិថៃ ត្រូវបានកម្លាំងចម្រុះកម្ពុជា–ថៃ បន្តជួយសង្គ្រោះបានជោគជ័យនៅវេលាម៉ោង ១៤:០០នាទីថ្ងៃដដែល និងបានបញ្ជូនតាមរថយន្តសង្គ្រោះកងកម្លាំងថៃ ទៅព្យាលបាលនៅខេត្តស្រះកែវ ប្រទេសថៃ។
ក្នុងឳកាសនោះដែរ លោកឧត្តមសេនីយទោ សេង ធារិន បានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខរបស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ដល់លោកពលបាលឯក សេង ឆន ដែលបានខិតខំជួយសង្គ្រោះ រហូតដល់រងរបួសប៉ះពាល់ដល់ភ្នែកធ្ងន់ធ្ងរអាចបណ្តាលឲ្យងងឹតភ្នែក នេះជាការបង្ហាញនូវទឹកចិត្តមនុស្សធ៌ម មិនប្រកាន់ជាតិសាសន៍ របស់កងទ័ពកម្ពុជា ក្នុងជួយគ្នាទៅវិញទៅមក រក្សាបាននូវព្រំដែនសន្តិភាព មិត្តភាព និងការអភិវឌ្ឍ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល៕