ពិធីកាត់ខ្សែបូរ សម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្ត ពោធិរុក្ខារាមពង្រ ស្រុកមង្គលបូរី
ខេត្តបន្ទាយមានជ័យ៖នាចុងសប្តាហ៍កន្លងទៅថ្មីៗនេះ ព្រះមេគណខេត្តទាំងពីរគណៈនិងលោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមាននជ័យ បាននិមន្តអញ្ជើញជាអធិបតី ក្នុងពិធីកាត់ខ្សែបូរសម្ពោធឆ្លងខ្លោងទ្វារ និងដីដែលបានជាវជាង ២ ហិតា ព្រមទាំងចាក់ដីបំពេញដាំដើមឈើសរុបថវិកាអស់ជិត ៤លានបាត(ប្រាក់ថៃ) នៅវត្តពោធិរុក្ខារាមពង្រ ស្ថិតក្នុងឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
គួរបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋចំណុះជើងវត្តពង្រនេះភាគច្រើន គឺជាជនជាតិខ្មែរលាវ “ថៃ” ប្រមាណ៩០% បានរួមមតិគ្នាជាឯកច្ឆន្ទ ផ្ដើមកសាងនូវសមិទ្ធផលនានា ជាពិសេសប្រជាពុទ្ធបរិស័ទរស់នៅប្រទេសថៃ មានសទ្ធាជ្រះថ្លាឧបត្ថម្ភចូលរួមទិញដី ចាក់ដីបន្ថែម ដើម្បីឲ្យទីធ្លារវត្តពង្រ នេះធំទូលាយ ព្រមទាំងបានដាំដើមឈើចម្រុះជាច្រើនរយដើមផងដែរ។
លោក បៀវ ថាន បានមានប្រសាសន៍ផងដែរថា ក្នុងនាមថ្នាក់ដឹកនាំ គ្រប់សាសនាក្នុងខេត្តបន្ទាយមានជ័យ ក៏សូមធ្វើការកោតសរសើរដោយស្មោះចំពោះប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ធ្វើឱ្យវត្តពង្រនេះមានការរីកចម្រើនជាបន្តបន្ទាប់ ទោះបីបងប្អូនរស់នៅឆ្ងាយស្រុកកំណើតក្ដី មិនភ្លេចជាតិដើមមនុស្សឡើយ។
លោក បៀវ ថាន បានបន្តថា រាល់សមិទ្ធផលដែលបានក៏កើតឡើងនេះ សូមចូលរួមថែរក្សាបន្តដាំដើមឈើ បន្តពង្រឹងគុណភាពការដឹកនាំ គ្រប់គ្រងវត្តអារាមឲ្យមានរបៀបរៀបរយ សាមគ្គីភាពល្អ រក្សាតម្លៃពុទ្ធសាសនា អប់រំផ្លូវចិត្ត ជៀសវាងអហិង្សា បន្តទប់ស្កាត់សកម្មភាពធ្វើអាជីវកម្មលើសាសនា គេងប្រវាញ់ដើម្បីផលប្រយោជន៍ លាភសក្ការៈ តាមគ្រប់រូបភាពធ្វើឲ្យបាត់បង់តម្លៃព្រះពុទ្ធសាសនា និងសូមសាមណៈសិស្សគ្រប់ព្រះអង្គបន្តការខិតខំយកចិត្តទុកដាក់រៀនសូត្រ គោរពធម៌វិន័យ ប្រតិបត្តិឲ្យបានល្អ ពិសេសជៀសវាងការប្រកាន់បក្សពួក អាចធ្វើឱ្យបាត់ជំនឿចំពោះប្រជាពុទ្ធបរិស័ទ៕