មន្ត្រីនគរបាល ក្នុងខេត្តសៀមរាបម្នាក់ យកអាវុធបាញ់ចូលក្នុងផ្ទះជាង១០គ្រាប់ ក្រោយពីមានទំនាស់ពាក្យសម្តីជាមួយឪពុកមា
ខេត្តសៀមរាប៖ព្រោះតែឥទ្ធិពលគ្រឿងស្រវឹងធ្វើឲ្យមន្ត្រីនគរបាលក្នុងខេត្តសៀមរាបម្នាក់ យកកាំភ្លើងAk-៤៧បាញ់ចូលក្នុងផ្ទះជាង១០គ្រាប់ ព្រោះតែទំនាស់ពាក្យសម្តីជាមួយឪពុកមា។ករណីដែលបង្កការភ្ញាក់ផ្អើល និងគួរឲ្យភ័យខ្លាចនេះបានកើតឡើងកាលពីវេលាម៉ោង១៩និង៥៨នាទី ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចស្ថិតនៅភូមិគោកចាន់ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
យោងតាមរបាយការណ៍របស់កងរាជអាវុធហត្ថមូលដ្ឋាន បានឲ្យដឹងថា ជនបង្កមានឈ្មោះ លួន សុផាន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរប៉ូលីសអន្តរាគមន៍ស្នងការដ្ឋាននគរបាលខេត្តសៀមរាប មានទីលំនៅភូមិគោកចាន់ ឃុំអំពិល ស្រុកប្រាសាទបាគ។តាមបាយការណ៍ដដែលបន្តថា នៅមុនពេលកើតហេតុជនបង្ក បានផឹកស៊ីជាមួយបក្សពួកជាច្រើននាក់ ព្រមទាំងមានវត្តមានឪពុកមាម្នាក់ផង ដែរហើយក៏មានរឿងទំនាស់ពាក្យសម្តីជាមួយឪពុកមា ឈ្មោះ រស់ រំ ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ក៏ឈានដល់ការបាញ់ចូលក្នុងផ្ទះជាង១០គ្រាប់ បង្កការភ្ញាក់ផ្អើល។
អ្នករួមវង្សផឹកស៊ីកន្លែងកើតហេតុបានរៀបរាប់ថា ក្រោយទាស់ពាក្យសំដី ឈ្មោះ លួន សុផាត បានជិះម៉ូតូចេញទៅបាត់ មួយសន្ទុះក្រោយមកក៏ឃើញត្រលប់មកវិញ មានទាំងស្ពាយកាំភ្លើងវែងប្រភេទ អាកា៤៧ មកជាមួយផង។ ពេលមកដល់ជនបង្កបានយកកាំភ្លើងសម្លុតបាញ់ គំរាមឪពុកមា ជាច្រើនគ្រាប់ធ្វើឱ្យភ្ញាក់ផ្អើលដល់ពលរដ្ឋដែលរស់នៅជិតខាងមានការភិតភ័យ។ក្រោយពីធ្វើសកម្មភាពរួច ជនសង្សយ័ ត្រូវបានខាងស្នងការនគរបាលខេត្តសៀមរាបឃាត់ខ្លួន ដកយកអាវុធជាវត្ថុតាងទៅ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕