នគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យ០៦នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
ខេត្តបន្ទាយមានជ័យ៖ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ និងក្រោមការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាលក្រុងប៉ោយប៉ែត លោកវរៈសេនីយ៍ត្រី ប្រិម សុផល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាល ដឹកនាំកម្លាំង ចុះធ្វើការបង្ក្រាបករណីគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០៦នាក់ ក្នុងនោះស្រីម្នាក់មេជួញដូរ និង០៥នាក់ចែកចាយនិងប្រើប្រាស់គ្រឿងញៀនខេទឹកកកចំនួន៤ថង់ និងយ៉ាម៉ា១០៦គ្រាប់ ។
លោកវរសេនីយ៍ត្រី ប្រិម សុផល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលបានឲ្យថា៖នៅពេលឃាត់ខ្លួនជនសង្ស័យកម្លាំងនគរបាលប៉ុស្តិ៍នគរបាលផ្សារកណ្តាល បានទទួលព័ត៌មានពីអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ ថាមានជនសង្ស័យធ្វើសកម្មភាពលក់ចែកចាយនិងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មនិងបង្កអសន្តិសុខនៅក្នុងមូលដ្ឋាន ភ្លាមនោះកម្លាំងជំនាញបានធ្វើស្រាវជ្រាវរហូតកំណត់បានមុខសញ្ញាចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យប្រុស.ស្រីចំនួន៦នាក់និងដកហូតគ្រឿងញៀនខេទឹកកកចំនួន៤ថង់ និងយ៉ាម៉ាចំនួន១០៦គ្រាប់ និងឧបករណ៍ប្រើប្រាស់មួយចំនួនកាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចកូនខ្ទមស្ថានីយ៍រថភ្លើងស្ថិតភូមិ.សង្កាត់ផ្សារកណ្តា ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកបានបញ្ជាក់ថា៖ជនសង្ស័យប្រុស.ស្រីទាំង៦នាក់កម្លាំងឃាត់ខ្លួនរួមមាន៖
១.ឈ្មោះ រុំ យឿក ភេទស្រី៤៧ឆ្នាំ(មេជួញដូរគ្រឿងញៀន)
២.ឈ្មោះ សុង ពុទ្រា ភេទប្រុស អាយុ១៩ឆ្នាំ
៣.ឈ្មោះ ខន ខាន ភេទប្រុស អាយុ១៧ឆ្នាំ
៤.ឈ្មោះ ស៊ីម ពៅ ភេទប្រុស អាយុ២៩ឆ្នាំ
៥.ឈ្មោះ ដន ចាន់រិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ
៦.ឈ្មោះ ផេង វ៉ាន់ ភេទប្រុស អាយុ៣៨ឆ្នាំ ជនសង្ស័យទាំងនេះស្នាក់នៅភូមិ.សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ត្រី ប្រិម សុផល បានបញ្ជាក់ថា៖ក្រោយឃាត់ខ្លួនជនសង្ស័យប្រុស.ស្រី៦នាក់និងវត្ថុតាងគ្រឿងញៀន ត្រូវបាននាំយកមកសាកសួរនៅប៉ុស្តិ៍នគរបាលផ្សារកណ្តាល ហើយត្រូវកសាងសំណុំរឿងបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ។ក្រោយពីជំនាញអធិការនគរបាលក្រុងសួរចម្លើយរួច បញ្ជូនបន្តទៅស្នងការនគរបាលខេត្ត ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣៕