រដ្ឋបាលខេត្តប៉ៃលិន បដិសេធរាល់ការចុះផ្សារនៅលើបណ្តាញសង្គមមួយចំនួន ពាក់ព័ន្ធករណីប្រជាពលរដ្ឋសាងសង់អាគារគ្មានច្បាប់អនុញ្ញាត
ខេត្តប៉ៃលិន ៖ក្រោយពីមានការផ្សព្វផ្សាយនៅលើបណ្តាញសង្គមFacebook ដោយធ្វើការចោទប្រកាន់ទៅលើរដ្ឋបាលខេត្តប៉ៃលិន ពាក់ព័ន្ធករណីប្រជាពលរដ្ឋសាងសង់អាគារគ្មានច្បាប់អនុញ្ញាតនោះ នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ រដ្ឋបាលខេត្តបានចេញសេចក្តីប្រកាសព័ត៌មាន បដិសេធច្រានចោលទាំងស្រុងដោយចាត់ទុកការផ្សព្វផ្សាយនេះមិនមានមូលដ្ឋានច្បាស់លាស់ ជាហេតុធ្វើឱ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តប៉ៃលិន ។
រដ្ឋបាលខេត្តប៉ៃលិនបានបញ្ជាក់ថា រហូតមកដល់ថ្ងៃទី១៦ ខែមិថុនា នេះអ្នកនាំពាក្យរដ្ឋបាលខេត្តប៉ៃលិន បានធ្វើសេចក្តីប្រកាសព័ត៌មាន ជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងបណ្តាញ ផ្សព្វផ្សាយទំនាក់ទំនងសង្គមទាំងអស់ជ្រាបថា ៖ កន្លងមកក្រុមមេធាវីរដ្ឋបាលខេត្ត និងអ្នកនាំពាក្យរដ្ឋបាលខេត្តប៉ៃលិន បានស្រាយបំភ្លឺចំពោះសាធារណជន និងអង្គភាពសារព័ត៌មាន រួចរាល់ហើយ។ ជាក់ស្ដែង អង្គភាពសារព័ត៌មានខាងលើនៅតែបន្តធ្វើការចុះផ្សាយរហូតដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ បានចុះផ្សាយដល់វគ្គទី៨ លើគេហទំព័រហ្វេសប៊ុករបស់ខ្លួន ដែលមិនមានមូលដ្ឋានច្បាស់លាស់ ធ្វើឱ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តប៉ៃលិន។
រដ្ឋបាលខេត្តបញ្ចាក់ទៀតថា ពាក់ព័ន្ធទៅនឹងការផ្សាយព័ត៌មាននេះ រដ្ឋបាលខេត្តប៉ៃលិន សូមធ្វើការបដិសេធច្រានចោលទាំងស្រុង រាល់ការចុះផ្សាយចាប់តាំងពីវគ្គទី១ រហូតដល់វគ្គទី៨ ព្រោះខ្លឹមសារ ដែលក្រុមមេធាវី និងអ្នកនាំពាក្យរដ្ឋបាលខេត្ត បានបំភ្លឺកន្លងមក បែរជាសារព័ត៌មានខាងលើ នៅតែបន្តការចុះផ្សាយ និងមិនព្រមធ្វើការកែតម្រូវអំពីខ្លឹមសារ ដែលខ្លួនបានចុះផ្សាយ។ អ្នកនាំពាក្យរដ្ឋបាលខេត្តសូមបំភ្លឺសារជាថ្មីដល់សាធារណជន និងបណ្តាញផ្សព្វផ្សាយទំនាក់ទំនង សង្គម អំពីមូលហេតុ ដែលរដ្ឋបាលខេត្ត មិនអាចចេញលិខិតអនុញ្ញាតច្បាប់សាងសង់ជូនលោក ភួង សាវុធ និងលោកស្រី ជឹង យូគៀង ៖
ទី១. រដ្ឋបាលខេត្តប៉ៃលិន បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ស្នើសុំជួយអន្តរាគមន៍ឱ្យម្ចាស់កម្មសិទ្ធិដី សាងសង់នេះបើកផ្លូវសាធារណៈតាមគម្រោងរបស់អាជ្ញាធរបានកំណត់ទំហំ១០ម៉ែត្រ ដែលម្ចាស់កម្មសិទ្ធិខាងលើ បានរំលោភលើដីកម្មសិទ្ធិសាធារណៈរបស់រដ្ឋទំហំ៧ម៉ែត្រ។
ទី២. ម្ចាស់សំណង់ធ្វើការសាងសង់មុនពេលស្នើសុំច្បាប់ពីរដ្ឋបាលខេត្ត ។ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងរដ្ឋបាលខេត្ត បានចេញលិខិតហាម ឃាត់ម្ចាស់សំណង់អោយផ្អាកការសាងសង់ជាបណ្តោះអាសន្ន។ ផ្ទុយទៅវិញម្ចាស់សំណង់នៅតែបន្តសាងសង់ដោយបំពាន។
ទី៣. លោក ភួង សាវុធ និងលោកស្រី ជឹង យូគៀង គឺជាម្ចាស់កម្មសិទ្ធដី និងជាអ្នកស្នើសុំលិខិតអនុញ្ញាតសាងសង់ ប៉ុន្តែបែរជាមានឈ្មោះ រឿន បុរី ជាអ្នកប្តឹងរដ្ឋបាលខេត្តទៅវិញ។ ផ្អែកតាមហេតុផលគោលទាំងបីចំណុចខាងលើ រដ្ឋបាលខេត្តមិនអាចចេញច្បាប់អនុញ្ញាតសាងសង់ជូនបាន ដោយរដ្ឋបាលខេត្តកំពុងពិនិត្យស្រាវជ្រាវតាមជំនាញពាក់ព័ន្ធ ដើម្បីរកដំណោះស្រាយអនុវត្តន៍តាមនីតិវិធីច្បាប់។រដ្ឋបាលខេត្តប៉ៃលិន សង្ឃឹមថា សាធារណជន អ្នកសារព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គមទាំងអស់ ជ្រាបជាព័ត៌មាន៕ ដោយ ៖ លោក ក្រូច ណាវី
ព័ត៌មានលំអិតសូមអាននូវសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តប៉ៃលិន ដែលមានខ្លឹមសារដូចខាងក្រោមៈ