ឯកឧត្តម អ៊ី ឈាន ដឹកនាំសមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា ខេត្តប៉ៃលិន បើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ជាលើកទី០២
(ប៉ៃលិន)៖នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ នេះ ឯកឧត្តម អ៊ី ឈាន ដឹកនាំសមាជិក សមាជិកាបក្សទូទាំងខេត្ត បានអញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ របស់គណបក្សប្រជាជនកម្ពុជា ខេត្តប៉ៃលិន លើកទី២ ដែលមានសមាជិក សមាជិកា ប្រជាពលរដ្ឋចូលរួមអបអរសាទរយ៉ាងច្រើនកុះករ ។
ឯកឧត្តម អ៊ី ឈាន បានថ្លែងអំណរគុណប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិនទាំងអស់ ដែលបានគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ ធ្វើឱ្យប្រទេសជាតិបន្តរក្សាបានសុខសន្តិភាព បូរណភាពទឹកដី អធិបតេយ្យភាពជាតិ ស្ថិរភាពនយោបាយ ការពាររបបរាជានិយម ធានាបានលំនឹងសេដ្ឋកិច្ច ពិសេសគ្រប់គ្រង បង្ការទប់ស្កាត់បានប្រកបដោយប្រសិទ្ធភាពជំងឺកូវីដ–១៩ និងចូលរួមគាំទ្រការបោះឆ្នោតឃុំ សង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០២៣នេះ។
ឯកឧត្តមក៏បានអំពាវនាវដល់សមាជិក សមាជិកា អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជានិងប្រជាពលរដ្ឋទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រៀមលក្ខណៈអញ្ជើញទៅបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ឱ្យបានគ្រប់ៗគ្នា៕ ដោយ ៖ លោក ក្រូច ណាវី