ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារ របស់មន្ទីរព័ត៌មាន នៅខេត្តព្រៃវែង
(ព្រៃវែង)៖ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារ របស់មន្ទីរព័ត៌មានខេត្តព្រៃវែង អំពីសកម្មភាពការងារមួយចំនួនដែលមន្ទីរព័ត៌មាន បានរៀបចំកសាងនៅអគារថ្មី ១ខ្នង ដែលមានទទឹង ១២ ម៉ែត្រ បណ្តោយ ២០ម៉ែត្រ ដែលមានកម្ពស់ ២ជាន់ សម្រាប់ផ្តល់ជូនដល់មន្ត្រីមន្ទីរព័ត៌មានខេត្តងាយស្រួលក្នុងការធ្វើការងារ ដើម្បីធ្វើយ៉ាងណាឱ្យវិស័យព័ត៌មាន នៅក្នុងខេត្តព្រៃវែង ឲ្យមានការរីកចម្រើនកាន់តែខ្លាំង និងដើម្បីងាយស្រួលដល់មន្ត្រីធ្វើការងារតាមផ្នែកផ្សេងៗទៀត ឲ្យមានកន្លែងត្រឹមត្រូវនោះផងដែរ។
ទាំងនេះគឺជាផ្នែកមួយដ៏សំខាន់សម្រាប់មន្ទីរព័ត៌មានខេត្តព្រៃវែង ក្នុងការធ្វើការងារ ទាក់ទងទៅនឹងវិស័យព័ត៌មាន ក៏ដូចជាវិស័យផ្សេងៗ របស់មន្ទីរព័ត៌មាន នៅក្នុងខេត្តព្រៃវែងនេះ ឲ្យមានការរីកចម្រើន ព្រោះថាសព្វថ្ងៃនេះ វិស័យព័ត៌មានបានដើរតួរយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍប្រទេសជាតិ ក្នុងការផ្សព្វផ្សាយពីសកម្មភាពមួយចំនួន របស់ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំស្រុក អំពីសកម្មភាពមួយចំនួននៅក្នុងខេត្តព្រៃវែងដែល បាននិងកំពុងរីកចម្រើន ជូនដល់មហាជនឲ្យបានយល់ដឹងកាន់តែច្បាស់អំពីសកម្មភាពទាំងអស់នោះតាមផ្សាយព័ត៌មានមួយនេះ។
ដោយស្របតាមពាក្យស្លោក របស់ក្រសួង ប្លែក លឿន ទុកចិត្តបាន ទីណា ពេលណាក៏បាន មន្ទីរព័ត៌មានខេត្តព្រៃវែង ក៏បានធ្វើការផ្សាយនូវព្រឹត្តការសំខាន់ៗ ទាំងថ្នាក់ជាតិ និងថ្នាក់ខេត្តតាមរយៈផេកមន្ទីរ ផេកវិទ្យុ ដើម្បីជូនដល់ប្រជាពលរដ្ឋស្តាប់ និងទស្សនាផងដែរ ។
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានផ្តាំផ្ញើដល់មន្រ្ដី និងមន្រ្ដីជាប់កិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្តព្រៃវែង ទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ ធ្វើការងារតាមផ្នែកវិស័យរបស់ខ្លួននីមួយៗនៅក្នុងមន្ទីរ ឲ្យអស់កម្លាំងកាយចិត្តធ្វើយ៉ាងណាដើម្បីឲ្យវិស័យទាំងអស់នេះមានការរីកចម្រើនទៅមុខជាលំដាប់។
សូមបញ្ជាក់ផងដែរថា៖កាលពីមុនមន្ទីរព័ត៌មាន ខេត្តព្រៃវែង ពុំមានទីតាំងសម្រាប់សាងសង់អាគារខ្លួនឯងនោះទេ ដោយរស់នៅ ពឹងផ្អែកធ្វើការ ជាមួយនឹងទីតាំងនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ។ ហើយសព្វថ្ងៃនេះមន្ទីរព័ត៌មានខេត្តព្រៃវែង មានវិទ្យុជាតិជាតិបារាយណ៍អណ្តែត FM 97.30 MH2 ដែលធ្វើការផ្សាយក្នុង ១ថ្ងៃ ១៧ម៉ោង គឺចាប់ពីម៉ោង ៥ព្រឹក ដល់ម៉ោង ១០ យប់ ។ចំពោះកម្មវិធី ផ្សាយគឺមានកម្មវិធិអប់រំ វប្បធម៌ ព័ត៌មាន និងនាទីកំសាន្ត៕