លោក ហ៊ុយ ទូច ដឹកនាំក្រុមការងារ ចុះពិនិត្យ និងព្យាបាលជំងឺសត្វក្របី នៅក្នុងភូមិសាស្ត្រស្រុកព្រះនេត្រព្រះ ក្រោយពីមានការផ្ទុះជំងឺឈឺ និងងាប់ជាបន្តបន្ទាប់
ខេត្តបន្ទាយមានជ័យ ៖រយះពេលជិតពីសប្តាហ៍ទៅហើយដែលសត្វក្របីរបស់បងប្អូនប្រជាកសិក ដែលប្រកបរបចិញ្ជឹមសត្វក្របី នៅក្នុងភូមិសាស្ត្រស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានឈឺ និងងាប់ជាបន្តបន្ទាប់។ក្រោយពីទទួលបានព័ត៌មាននេះ ភ្នាក់ងារសុខភាពសត្វភូមិ ទទួលបានការណែនាំពីលោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្តបន្ទាយានជ័យ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងព្យាបាលជាប្រចាំ រហូតទទូលបានលទ្ធផលល្អប្រសើឡើងវិញបណ្តើៗ ។ក្នុងនោះក្រុមការងារក៏បានបន្តផ្សព្វផ្សាយពីបច្ចេកទេស ដោយធ្វើការបំបែកពីសត្វឈឺ ចេញពីសត្វជា ដោយមិនឲ្យនៅជិតគ្នា និងមិនត្រូវចងនៅកន្លែងក្តៅខ្លាំង ហើយទិសដៅបន្ត ចុះបាញ់ថ្នាំសម្លាប់មេរោគបន្ថែមទៀតផងដែរ ។
ដោយមានការយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋនោះ នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣
លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្តបន្ទាយានជ័យ បាននាំយកថ្នាំសម្រាប់ព្យាបាល ដឹកនាំក្រុមការងារដោយផ្ទាល់ មានក្រុមប្រឹក្សាឃុំ ភ្នាក់ងារពេទ្យសត្វភូមិ ចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែង និងធ្វើការណែនាំឲ្យមន្ត្រីក្រោមឱវ៉ាតយកចិត្តទុកដាក់ និងបន្តចាក់ថ្នាំការពារ ព្យាបាលលើសត្វក្របីជូនរបស់បងប្អូនប្រជាពលរដ្ឋបន្ថែមទៀត។
សូជំរាបផងដែរថា ប្រជាកសិករដែលប្រកបរបរចិញ្ជឹមសត្វក្របី នៅក្នុងស្រុកព្រះនេត្រព្រះមានចំនួនបីឃុំ មានឃុំប្រាសាទ ឃុំទឹកចូ និងឃុំភ្នំលាប ដែលពួកគាត់ភាគច្រើនយកទៅឃ្វាលនៅប៉ែកខាងក្រោមនៃដីតំបន់បី ដែលជាដីវាលសំបូរស្មៅ ។
ពាក់ព័ន្ធករណីខាងលើនេះលោក ហ៊ុយ ទូច បានប្រាប់ភ្នាក់ងារយើងតាមទូរស័ព្ទថា ករណីដែលបណ្តាលឲ្យសត្វក្របីឈឺ និងងាប់ជាបន្តបន្ទាប់នោះ គឺសង្ស័យកើតជំងឺ«សារទឹក» ពីព្រោះបងប្អូនប្រជាប្រជាពលរដ្ឋដែលចិញ្ជឹមសត្វក្របីនៅចំណុចម្តុំតំបន់បី មិនបានចាក់វ៉ាក់សាំងការពារនោះទេ ទោះបីជាលោកចុះធ្វើការងារជាមួយអាជ្ញាធរយ៉ាងណាក្តី ព្រោះដោយសារពួកគាត់យល់ឃើញថា សត្វក្របីរបស់ពួកគាត់ដូចជាមិនមានកើតអីផង ។
លោកបញ្ជាក់ថា ជារៀងរាល់ឆ្នាំនៅពេលណាដែលទទួលបានវ៉ាក់សាំងពីអគ្គនាយកដ្ឋានហើយ យើងតែងតែធ្វើការងារផ្សព្វផ្សាយ និងធ្វើការចាក់វ៉ាក់សាំងជូនពួកគាត់ ពិសេសនៅតំបន់ឥទ្ធិភាពគឺនៅម្តុំតំបន់បី បឹងទន្លេសាបតែម្តង នៅពេលណាយើងបានចាក់វ៉ាក់សាំង វាមិនសូវជាមានបញ្ហាប៉ុន្មានទេ។
លោកបញ្ជាក់ទៀតថា សត្វក្របីដែលប្រជាពលរដ្ឋចិញ្ជឹមនៅតំបន់ខាងលើភាគច្រើនមកពីបីខេត្ត មានបន្ទាយមានជ័យយើង សៀមរាប និងខេត្តបាត់ដំបង ហើយគាត់ចិញ្ចឹមនោះគឺម្ចាស់ផ្សេង គាត់ជួលឲ្យអ្នកចិញ្ចឹមផ្សឹង អញ្ជើងធ្វើឲ្យក្រុមការងារពិបាក ដោយសារមន្ត្រីជំនាញយើងគ្រប់គ្រងតែក្នុងដែនខេត្តបន្ទាយមានជ័យតែប៉ុណ្ណោះ ហើយសម្រាប់សត្វក្របីដែលលោកចុះទៅពិនិត្យជាក់ស្តែងសរុបចំនួន៧០០ក្បាល ដែលខ្លះឈឺកំពុងព្យាបាល និងងាប់ចំនួន៧ទៅ ៨ក្បាលតែប៉ុណ្ណោះ ហើយក្រុមការងារនៅតែបន្តចាក់ទាំងព្យាបាល និងការពាររយះពេល៤ ទៅ ៥ថ្ងៃទៀតសិន នៅពេលដែលវាវិលជាសភាពធម្មតាវិញ បានចាក់វ៉ាក់សាំងដើម្បីការពារជូនពួកគាត់៕