ជនជាតិថៃ២នាក់ ឆក់ទូរសព្ទអ្នកស្រុក ត្រូវអាវុធហត្ថចាប់ឃាត់ខ្លួន បញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុហត្ថក្រុងប៉ោយប៉ែត ដឹកនាំលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង កាលពីវេលាម៉ោង១០និង០០នាទីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ បានឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃ ចំនួន០២នាក់ ពាក់ព័ន្ធករណីលួចមានសា្ថនទម្ងន់ទោស(ឆក់ទូរសព្ទ) ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង២០និង៣០នាទីយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ នៅចំណុចហាងទូរសព្ទ លីគ័ង ស្ថិតនៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តាមមពាក្យបណ្តឹងឈ្មោះ ធូ លំអង ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅចំណុចកើតហេតុខាងលើ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ជនសង្ស័យទាំង២នាក់
១–ឈ្មោះ សានិត ឃៀនបូផា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិថៃ បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
២.ឈ្មោះ KITIPONG SRIBUANAN ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិថៃ បច្ចុប្បន្នស្នាក់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បន្តថា កាលវេលាកើតហេតុ មានជនជាតិថៃ ចំនួន០២នាក់ បានមករកទិញទូរសព្ទដៃម៉ាក Iphone 14pomax ពណ៍ស្វាយ ចំនួន០១គ្រឿង ពីហាងរបស់ជនរងគ្រោះ ដោយម្នាក់ចូលមកទិញ និងម្នាក់ទៀតអង្គុយចាំនៅលើម៉ូតូ ពេលនោះជនរងគ្រោះបានឱ្យទូរសព្ទ ទៅជនសង្ស័យនោះមើល ស្រាប់តែជនសង្ស័យបានរត់ឡើងលើម៉ូតូដើម្បីគេចខ្លួន តែសំណាងអាក្រក់ស្រាប់តែដួលម៉ូតូ ហើយក៏ត្រូវបានប្រជាពលរដ្ឋ ចាប់បានទាំង២នាក់ ហើយប្រគល់ឱ្យកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងតែម្តង។
ក្រោយឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យ បានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពលួចទូរសព្ទពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាង ជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា បច្ចុប្បន្នជនសង្ស័យ ទាំង២នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ នេះ ដើម្បីចាត់ការបន្តតាមនីតិវិធី ។ ចំណែកទូរសព្ទ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ បានប្រគល់ជូនជនរងគ្រោះវិញហើយ៕