ព័ត៌មានជាតិ

ជនជា​តិថៃ២នាក់ ​ឆក់ទូរ​សព្ទអ្នកស្រុក ត្រូវ​អាវុធ​ហត្ថ​ចាប់​ឃាត់ខ្លួន​ បញ្ជូនទៅ​កាន់​សាលា​ដំបូ​ងខេត្ត​បន្ទា​យ​មាន​ជ័យ

(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជ​អាវុហត្ថក្រុងប៉ោយ​ប៉ែត ដឹកនាំលោកវរ​សេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការមូលដ្ឋាន​កងរាជអាវុធហត្ថក្រុង កាលពីវេលាម៉ោង១០និង០​០នាទីថ្ងៃទី១៨ ខែ​សីហា ឆ្នាំ២០២៣ បានឃាត់ខ្លួន​ជនសង្ស័យ​ជាជនជាតិថៃ ចំនួន០២នាក់ ពាក់ព័ន្ធករណី​លួចមាន​សា្ថនទម្ងន់​ទោស(ឆក់ទូរសព្ទ) ដែលបាន​ប្រព្រឹត្តកាលពីវេលាម៉ោង២០​និង៣០នាទីយប់​ថ្ងៃទី១៧ ខែសី​ហា ឆ្នាំ២០២៣ នៅចំ​ណុចហាង​ទូរសព្ទ លីគ័ង ស្ថិត​នៅភូមិក្បា​លស្ពាន២​ សង្កាត់អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមា​នជ័យ តាមមពាក្យបណ្តឹង​ឈ្មោះ​ ធូ លំ​អង ​ភេទ​ប្រុស​ អា​យុ៤​៤ឆ្នាំ ជន​ជាតិ​ខ្មែរ ​មាន​ទីលំ​នៅចំណុចកើតហេតុ​ខាងលើ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ជនសង្ស័យទាំង២នាក់

ឈ្មោះ សានិត​ ឃៀនបូផា ភេ​ទប្រុស ​អាយុ៣៦ឆ្នាំ​ ជនជាតិថៃ ​បច្ចុប្បន្នស្នាក់​នៅភូមិក្បាលស្ពាន១ សង្កាត់​អូរជ្រៅ ក្រុងប៉ោយប៉ែត។

.ឈ្មោះ KITIPONG SRIBUANAN ភេទប្រុស អាយុ​២៥ឆ្នាំ ជនជាតិថៃ បច្ចុប្បន្នស្នាក់​នៅភូមិផ្សារ​កណ្តាល សង្កាត់ផ្សារ​កណ្តាល ក្រុងប៉ោយប៉ែត ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បន្តថា កាលវេលាកើតហេតុ មាន​ជនជាតិថៃ ​ចំនួន០២នាក់ បាន​មករក​ទិញទូរស​ព្ទដៃម៉ាក Iphone 14pomax ពណ៍​ស្វាយ​ ចំនួន០​១គ្រឿង ពី​ហាងរ​បស់ជ​នរងគ្រោះ ដោ​យម្នាក់​ចូលម​កទិញ ​និងម្នាក់ទៀតអ​ង្គុយចាំ​នៅ​លើម៉ូតូ ​ពេល​នោះជនរងគ្រោះបា​នឱ្យទូរសព្ទ ទៅជន​សង្ស័យ​នោះមើល ស្រាប់​តែជនសង្ស័យបានរត់ឡើ​ងលើម៉ូតូដើម្បីគេចខ្លួន តែ​សំណា​ងអាក្រ​ក់ស្រាប់តែ​ដួល​ម៉ូតូ ហើយ​ក៏ត្រូវបា​នប្រជា​ពលរដ្ឋ ចាប់បា​នទាំ​ង២នាក់ ហើយប្រគ​ល់ឱ្យកម្លាំ​ងមូលដ្ឋា​នកងរា​ជអាវុធហត្ថក្រុងតែ​ម្តង។

ក្រោយ​ឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យ បានសារភាពថា ពួកខ្លួនពិត​ជាបានធ្វើសកម្ម​ភាព​លួចទូរ​សព្ទពិត​ប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាង ជាក់ស្តែងក​ម្លាំងមូល​ដ្ឋា​នកងរាជអាវុធហត្ថក្រុង បានកសាង​សំណុំរឿង​បញ្ជូនមកកា​ន់បញ្ជាការដ្ឋា​នកងរាជអាវុធ​ហត្ថ​ខេត្ត ចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា បច្ចុប្បន្នជនសង្ស័យ ទាំង២នាក់ ត្រូវបានកម្លាំង​ការិយាល័​យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅ​សាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ នេះ ដើម្បីចាត់ការបន្តតាមនីតិវិធី ។ ចំណែកទូរសព្ទ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ បានប្រគល់​ជូនជ​នរងគ្រោះ​វិញហើយ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button