ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជេីញជាអធិបតីភាព ប្រកាសប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំគោកកឋិន ស្រុកថ្មពួក
បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត អញ្ជេីញជាអធិបតីភាព ពិធីប្រកាសចូលកាន់មុខតំណែងលោក អាន ឡាញ់ ជាប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជំនួសមេឃុំចាស់ដែលបានទទួលមរណភាព រួមនិងប្រកាសជំទប់ទី១ឃុំ មួយរូប និងសមាជិកក្រុមប្រឹក្សាឃុំចំនួនមួយរូប ធ្វេីឡេីងនៅកាលពីពេលកន្លងទៅថ្មីនេះ។
នាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ក៏ណែនាំដល់មេឃុំទាំងអស់ទូទាំងខេត្ត ត្រូវខិតខំយកចិត្តទុកដាក់ខ្ពស់លើការបម្រើប្រជាពលរដ្ឋទូទៅដោយឥតរើសអើង និងត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ និងមានសហការល្អជាមួយអ្នកពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់អនុវត្តភារកិច្ចចំពោះមុខ ធំចំនួនពីរជាចម្បង ក្នុងនោះមាន ១-ត្រូវយកចិត្តទុកដាក់ផ្តល់សេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួន ស្តីពីបែបបទ និងនីតិវិធីនៃការផ្ដល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំ-សង្កាត់។ ម៉្យាងទៀតចំពោះតួអង្គស្នូលទាំង៥រួមមាន៖ ១.មេឃុំ, ២.ស្មៀនឃុំ ៣.ប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំ, ៤.មណ្ឌលសុខភាព ឬប៉ុស្តិ៍សុខភាព និង៥.មេភូមិ។
ឯកឧត្តម បន្តថា តួអង្គទាំង៥ ខាងលើនេះ ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនក្នុងផ្តល់សេវា សាធារណៈនានាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋា ន របស់ខ្លួនឱ្យបានល្អប្រសើរ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ មានឥរិយាបថល្អក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ដោយ មិនត្រូវមានការរើសអើង ការបែងចែកបក្សពួក និងនិន្នាការនយោបាយនោះឡើយ។ និងទី២-ត្រូវរួមគ្នាអនុវត្ត”គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” ដែលបាន កែសម្រួលថ្មី(ខែមករា ឆ្នាំ២០២១) គឺបានផ្តោតទៅលើខ្លឹមសារសំខាន់ចំនួន៧ចំណុច ឲ្យបានល្អប្រេីសេីរ៕