ព័ត៌មានជាតិ

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជេីញជាអធិបតីភាព​ ប្រកាសប្រធានក្រុមប្រឹក្សាឃុំ​ និងជាមេឃុំគោកកឋិន​ ស្រុកថ្មពួក

បន្ទាយមានជ័យ​ ៖​ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត​ អញ្ជេីញជាអធិបតីភាព​ ពិធីប្រកាសចូលកាន់មុខតំណែងលោក អាន ឡាញ់​ ជាប្រធានក្រុមប្រឹក្សាឃុំ​ និងជាមេឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ​ ជំនួសមេឃុំចាស់ដែលបានទទួលមរណភាព​ រួមនិងប្រកាសជំទប់ទី១​ឃុំ​ មួយរូប​ និងសមាជិកក្រុមប្រឹក្សាឃុំចំនួនមួយរូប​ ធ្វេីឡេីងនៅកាលពីពេលកន្លងទៅថ្មីនេះ។

នាឱកាសនោះឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាលនៃគណៈអភិបាលខេត្ត​ ក៏ណែនាំដល់មេឃុំទាំងអស់ទូទាំងខេត្ត​ ត្រូវខិតខំយកចិត្តទុកដាក់ខ្ពស់លើការបម្រើប្រជាពលរដ្ឋទូទៅដោយឥតរើសអើង និងត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ និងមានសហការល្អជាមួយអ្នកពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់អនុវត្តភារកិច្ចចំពោះមុខ ធំចំនួនពីរជាចម្បង ក្នុងនោះមាន​ ១-ត្រូវយកចិត្តទុកដាក់ផ្តល់សេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួន ស្តីពីបែបបទ និងនីតិវិធីនៃការផ្ដល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំ-សង្កាត់។​ ម៉្យាងទៀតចំពោះតួអង្គស្នូលទាំង៥រួមមាន៖ ១.មេឃុំ,​ ២.ស្មៀនឃុំ ៣.ប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំ,​ ៤.មណ្ឌលសុខភាព ឬប៉ុស្តិ៍សុខភាព និង៥.មេភូមិ។

ឯកឧត្តម​ បន្តថា​ តួអង្គទាំង៥ ខាងលើនេះ ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនក្នុងផ្តល់សេវា សាធារណៈនានាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋា ន របស់ខ្លួនឱ្យបានល្អប្រសើរ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ មានឥរិយាបថល្អក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ដោយ មិនត្រូវមានការរើសអើង ការបែងចែកបក្សពួក និងនិន្នាការនយោបាយនោះឡើយ។ និងទី២-ត្រូវរួមគ្នាអនុវត្ត”​គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” ដែលបាន កែសម្រួលថ្មី(ខែមករា​ ឆ្នាំ២០២១) គឺបានផ្តោតទៅលើខ្លឹមសារសំខាន់ចំនួន៧ចំណុច ឲ្យបានល្អប្រេីសេីរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button