ផ្លូវ១ខ្សែប្រវែងជិត១០គីឡូម៉ែត្រ ស្របមាត់ស្ទឹងរហាត់ទឹក និងបត់ត្រង់ ដែលរងការខូចខាតដោយទឹកជំនន់រយៈពេល២ឆ្នាំ ប្រជាពលរដ្ឋជួបការលំបាកក្នុងការធ្វើដំណើទៅមក ស្រុកមង្គលបូរី
ខេត្តបន្ទាយមានជ័យ៖ប្រជាពលរដ្ឋជួបការលំបាកក្នុងការធ្វើដំណើរទៅមក ខណៈផ្លូវ១ខ្សែប្រវែងជិត១០គីឡូម៉ែត្រ ស្របមាត់ស្ទឹងរហាត់ទឹក និងបត់ត្រង់ ស្ថិតនៅក្នុងឃុំរហាត់ទឹក និងឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ រងការខូចខាត ដោយទឹកជំនន់រយៈពេល២ឆ្នាំ កន្លងមកនេះ។
ប្រជាពលរដ្ឋបានឲ្យដឹងថា៖ផ្លូវ១ខ្សែដែលស្របមាត់ស្ទឹងត្រើយខាងកើត ដែលតភ្ជាប់ពីផ្លូវជាតិលេខ៥ ឃុំបត់ត្រង់ ទៅឃុំរហាត់ទឹក ត្រូវបានរកការខូចខាតរយៈពេល២ឆ្នាំមកហើយ ក្រោយទឹកជំនន់បានបំផ្លាញ ប្រជាពលរដ្ឋពិតជាជួបការលំបាកក្នុងការធ្វើដំណើរទៅមកពិសេសនៅរដូវវស្សាសិស្សានុសិស្សទៅសិក្សា។ដូច្នេះពួកគាត់ស្នើសុំអោយអភិបាលស្រុក និងខេត្ត មន្ទីស្ថាប័នពាក់ព័ន្ធ ជួយមើលនិងដោះស្រាយជូនប្រជាពលរដ្ឋ បើមិនទានកសាង ត្រូវជួសជុលរឺសម្រួលអោយប្រជាពលរដ្ឋទៅមកបានស្រួលផង។
លោក ពិន សេងហាប់ អភិបាលរងស្រុកមង្គលបូរីបានប្រាប់ថា៖ផ្លូវ១ខ្សែស្របមាត់ស្ទឹងឃុំរហាត់ទឹកភ្ជាប់ទៅឃុំបត់ត្រង់ជាង៨គីឡូម៉ែត្រ ដែលរងការខូចខាតដោយទឹកជំនន់កាលពីឆ្នាំមុននោះ ឃើញអភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ទីជំនាញចុះមកពិនិត្យហើយ អាចជួសជុលឬកសាងនៅពេលខាងមុខនេះ តែមិនទាន់ដឹងនៅពេលណាអោយបានច្បាស់នៅឡើយទេ ព្រោះផ្លូវ១ខ្សែនេះ គ្រប់ដោយមន្ទីអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ។
លោក ជា យុទ្ធារុណ ប្រធានមន្ទីអភិវឌ្ឍន៍និងជនបទខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖ផ្លូវ១ខ្សែប្រវែងជិ១០គីឡូម៉ែត្រតភ្ជាប់ពីឃុំរហាត់ទឹកមកឃុំបត់ត្រង់ស្របមាត់ស្ទឹងខាងកើតដែលរងការខូចខាត ដោយទឹកជំនន់២ឆ្នាំកន្លងទៅជាប់គ្នានោះមន្ទីជំនាញបានធ្វើរបាយការណ៍ស្នើទៅក្រសួងបានចុះសិក្សាគម្រោងកសាងឡើងវិញនៅអំឡុងឆ្នាំ២០២៣.២០២៧ក្នុងចំណោមចំនួន១៩ខ្សែប្រវែងជិត៣០០គីឡូម៉ែត្រទូរទាំងខេត្តបន្ទាយមានជ័យ៕