ពិធីបុណ្យកាន់បិណ្ឌវេនទី៤ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅវត្តគិរីធម្មបទខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ
(បន្ទាយមានជ័យ) ៖លោក កែ សួនសុភាព អភិបាលរងខេត្តតំណាងឲ្យឯកឧត្តម អ៊ុំ រាត្រីអភិបាលខេត្តបន្ទាយមានជ័យ ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងជាប្រធានក្រុមការងារអភិវឌ្ឍន៍យុវជន ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ លោកឧកញ៉ា អ៊ីង វណ្ណម៉ៅ និងលោកស្រី រួមជាមួយលោក លោកស្រីបណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធ ព្រមទាំងប្រធាន.អនុប្រធាន សមាជិកអចិន្រ្តៃយ៍ ស.ស.យ.ក និងក្រុមការងារអភិវឌ្ឍន៍យុវជន និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយបានអញ្ជើញក្នុងពិធីបុណ្យកាន់វេនបិណ្ឌទី៤ នៅវត្តគិរីធម្មបទខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣។
លោក កែ សួនសុភាព អភិបាលរងខេត្ត បានមានប្រសាសន៍ថា៖ យើងទាំងអស់គ្នាបាននឹងកំពុងសប្បាយរីករាយ ជ្រះថ្លានិងបុណ្យកុសលទាំងអស់គ្នា ក៏ដោយសារប្រទេសជាតិយើង មាននូវសុខសន្តិភាពពេញលេញនោះ ជាក់ស្ដែងកម្ពុជាដែលពីមុនធ្លាប់ត្រូវបានហែកហួរ ដោយសារសង្គ្រាម ធ្លាប់ល្បីថាជាវាលពិឃាត ជាតំបន់អសន្តិសុខ ចង្ការមីន ដែលគេភ័យខ្លាចគ្រប់គ្នា ឥឡូវបានខ្លាចជារដ្ឋអធិបតេយ្យ ឯករាជ្យ សន្តិភាព នីតិរដ្ឋ ស្ថេរភាពនយោបាយស្របតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងមានព្រះមហាក្សត្រ គង់ ប្រថាប់ជាម្លប់ជាទីគោរពសក្ការៈ។
លោក កែ សួនសុភាព បានបញ្ជាក់ថា៖ ថ្ងៃបុណ្យឆ្លងកាន់វេនបិណ្ឌទី៤ នៃពិធីបុណ្យភ្ជុំបិណ្ឌដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរ ដែលមានតាំងពីយូឡុងណាស់មកហើយ នេះជាពេលវេលាមួយដែលបងប្អូនប្រជាពុទ្ធបរិស័ទមានឱកាសក្នុងការធ្វើបុណ្យ ធ្វើទានសន្សំកុសល និងជាការជួបជុំញាតិមិត្តបងប្អូនទីជិតទីឆ្ងាយ ជាពិសេសនៅតាមទីវត្តអារាមនានា។
នៅក្នុងឱកាសនោះព្រះគ្រូចៅអធិការវត្តគិរីធម្មបទខ្លាកូនថ្មី ព្រះអង្គបានមានសង្ឃដីកា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ប្រជាពុទ្ធបរិស័ទទាំងអស់ ជួបប្រទះតែពុទ្ធពរ ៥ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ហើយបច្ច័យដែលទទួលបានទាំងអស់នេះ និងផ្គត់ផ្គង់សម្រាប់កសាងនូវសមទ្ធិផលនានាបន្តទៀត។
ជាមួយគ្នានោះដែរ លោក កែ សួនសុភាព និងក្រុមការងារដែលជាម្ចាស់វេន បានធ្វើការចែកទៀនរួមមាន សំពត់ និងបច្ច័យមួយចំនួន ជូនដល់តាជីយាយជីនិងក្មេងៗផងដែរ៕