បុណ្យកឋិនទាន មហាសាមគ្គី នៅវត្តពោធិកែវ ព្រះនេត្រព្រះ
ខេត្តបន្ទាយមានជ័យ៖ ស្របពេលនៃពិធីបុណ្យកឋិនទាននៅឆ្នាំ ២០២៣ ដែលជាបុណ្យប្រពៃណីជាតិដ៏ធំជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជឿជាក់លើសាសនាព្រះពុទ្ធដើម្បីប្រមូលបច្ច័យសម្រាប់កសាងនូវសមិទ្ធផលនានា នៅក្នុងវត្តដោយឡែកសម្រាប់ វត្តពោធិកែវព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ឧបាសកឧបាសិកា ព្រមជាមួយនឹងពុទ្ធបរិស័ទចំណុះជើងវត្ត ជាពិសេសអ្នកផ្ដើមបុណ្យធំគឺក្រុមហ៊ុនជេ អេសទឹកត្រចៀកកាំ ជីនស៊ុន ហុងសុន នៅប្រទេសថៃដឹកនាំដោយលោក ឡៅ ប៊ូតាំង ជាប្រធានក្រុមហ៊ុន មានចិត្តស្រុះស្រួលមូលមតិគ្នាជាឯកឆន្ទ ផ្ដើមប្រារព្ធធ្វើពិធីបុណ្យកឋិនទានសាមគ្គី ដើម្បីដង្ហែរទៅប្រគេនដល់ព្រះសង្ឃអាចគង់ក្នុងវត្តពោធិកែវស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដើម្បីក្រាលគ្រងទៅតាមពុទ្ធានុញ្ញាតនឹងពុទ្ធបញ្ញត្តិដែលព្រះអង្គមានព្រះភាគទ្រង់ត្រាស់សម្ដែងទុកមកនិងបានប្រមូលបច្ច័យ ដើម្បីកសាងនៅសាលាធម្មសភា ថ្មីមួយខ្នង ដែលមានបណ្តោយ ៦០ម៉ែត្រទទឹង ២៨ម៉ែត្រកម្ពស់ពីរជាន់ស្មើនឹង១៥ម៉ែត្រ កសាងបានចំនួន ៦០%ហើយដែលខ្វះខាតថវិកា ដើម្បីកសាងបន្តទៀត។
ព្រះអង្គបញ្ញាបញ្ជោតោ ហ៊ុន ហេង សមុហ៍អនុគណស្រុកព្រះនេត្រព្រះនិងជាព្រះចៅអធិការវត្តពោធិកែវបាន មានសង្ឃដីការថា បុណ្យកឋិនទានសាមគ្គីដែលបានប្រព្រឹត្តឡើងក្នុងឱកាសនេះ គឺជាទានដ៏ប្រសើរវិសេសវិសាលមួយដែលផុសចេញពីទឹកចិត្តដឹត ជាប់បសាទសទ្ធា ក្លៀវក្លាបរិសុទ្ធរបស់យើងទាំងអស់គ្នា ដែលយើងគឺជាម្ចាស់ដើមទាន កពុងញាំងកុសលចេតនាឲ្យផុសចេញជាឧត្ដមទានមួយអង្គកឋិនទានមានផលានិសង្ស យ៉ាងវិសេសវិសាលមួយក្នុងព្រះពុទ្ធសាសនា ដែលម្ចាស់បុណ្យបានចំណាយទ្រព្យធនបានកសាងឲ្យកើតជាបុណ្យកឋិនទាននេះឡើងដើម្បីយក ទៅវេរប្រគេនចំពោះព្រះភិក្ខុសង្ឃ នេះគឺមានគោលបំណងសំខាន់សំខាន់ដូចជា សម្តែងនូវការដឹងគុណ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះករុណាគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី មន្ត្រីរាជការ ពុទ្ធបរិស័ទជិតឆ្ងាយដែលបាននិមន្តនិងអញ្ជើញមកចូលរួមក្នុងពិធីនេះធ្វើឲ្យយើងទាំងអស់គ្នាមាន ក្តីរីករាយឥតឧបមានិងរកអ្វី មកបដិការឲ្យសមនឹងប្រាក់ទិញទឹកចិត្តដ៏សប្បុរសនេះ បាននោះទេមានតែមហាកុសលផលបុណ្យសង្ឃទានចេញពីទង្វើដ៏ល្អ។
លោក ឡៅ ប៊ូតាំង បានមានប្រសាសន៍ថា ចំពោះរូបលោកនិងក្រុមគ្រួសារព្រមទាំងក្រុមហ៊ុនទាំងមូលពេញចិត្ត ក្នុងការមកធ្វើបុណ្យនៅវត្តនេះទេអាស្រ័យដោយឃើញនូវសមិទ្ធផលនៅមានការខ្វះខាតពិតប្រាកដមែនហើយលោកនឹងប្ដេជ្ញាចិត្តថា នៅឆ្នាំក្រោយនិងដង្ហែរ អង្គកឋិនមកវត្តពោធិកែវស្រុកព្រះនេត្រព្រះដែលបន្តទៀត។ហើយនេះគឺជាសន្តានចិត្តរបស់ក្រុមគ្រួសាររបស់លោកក៏ដូចជាក្រុមហ៊ុនទាំងមូលផង។ គួរបញ្ជាក់ផងដែរថា បច្ច័យដែលទទួលបានក្នុងពិធីបុណ្យកឋិនទាន ប្រាក់ខ្មែរមានចំនួន៦៣ ៨៧៦ ០០០រៀល ប្រាក់បាតថៃចំនួន២៨ ៧៤២៩បាត ប្រាក់ដុល្លារចំនួន ៣៦ ០៣០ដុល្លារ ដោយឡែកសម្រាប់ក្រុមហ៊ុនទឹកត្រជៀកកាំ លោកបានបន្ថែ បច្ច័យ សង្កត់ត្រៃចំនួន ៣០០០០ដុល្លារ និងបានឧបត្ថម្ភសាលាអនុវិទ្យាល័យព្រះនេត្រព្រះចំនួន ១២ ០០០ ០០០ផងដែរ៕