ប្រទះឃើញជនអនាថាម្នាក់ ដេកស្លាប់នៅខ្ទមចាំស្រែ របស់អ្នកស្រុក នៅផ្លូវវាងក្រុង ក្នុងក្រុងសិរីសោភ័ណ មិនដឹងមូលហេតុ
(បន្ទាយមានជ័យ)៖បុរសមិនស្គាល់អត្តសញ្ញាណជាមនុស្សអនាថា ត្រូវបានប្រជាពលរដ្ឋបប្រទះឃើញដេកស្លាប់នៅក្នុងរោងចាំស្រែផ្លូវវាងក្រុង ស្ថិតនៅក្នុងភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមាននជ័យ បង្កការភ្ញាក់ផ្អើលនាវេលាម៉ោង០៩និង៣០នាទីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ ។មានករណី មនុស្សដេកស្លាប់
ជនអនាថាដែលបានដេកស្លាប់ នៅចំណុចខាងលើ មានភិនភាគរាង្គស្កមខ្មៅ សក់កន្តាញ់ ស្លៀកខោយឺតព៌ណខ្មៅរហែក កំពស់ប្រហែល១,៦០ម៉ែត្រ អាយុប្រហែល៦៥ឆ្នាំ។បើតាមការបំភ្លឺពីអ្នកឃ្វាលគោនៅចំណុចខាងលើជាប្រចាំបានឲ្យដឹងថា ជនអនាថានេះមិនដឹងមកពីណានោះទេឃើញមកស្នាក់នៅរោងដែលគេធ្វើចាំស្រែនេះប្រហែល៤ថ្ងៃហើយ ហើយក៏ធ្លាប់បានសុំទឹកខ្លួនផឹកនឹងសុំបារីជក់ ម្យ៉ាងវិញទៀតតែងតែឃើញដើរទៅមកនៅជិតៗរោងមើលទៅមិនមានកម្លាំងក្នុងខ្លួននោះទេ ហើយក៏មិនដឹងបានហូបបាយឫអត់ដែល។លុះដល់វេលាខាងលើខណៈពួកគាត់ដេញសត្វគោមឃ្វាលក៏ឃើញដេកស្លាប់នៅនឹងរោងទើបពួកគាត់រាយការណ៍ជូនសមត្ថកិច្ចតែម្តង។
ដោយឡែកលោកស្រី អីវ ឈីន អាយុ៥៥ រស់នៅចម្ងាយពីកន្លែងកើតហេតុប្រហែល២០០ម៉ែត្រ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា បានឲ្យដឹងដែរថា មនុស្សចាស់ម្នាក់នេះធ្លាប់ទៅបាយគាត់ហូបចំនួន៣ថ្ងៃហើយ ទើបតែម្សិលមិញមិនឃើញទៅទេ ក្រោយមកទើបលឺដំណឹងថាស្លាប់។
ក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាមកម្លាំងនគរបាល អាជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេទ្យបានត្រួតពិនិត្យលើសាកសពឃើញថា សពដេកស្លាប់ផ្ងានៅលើក្តា ពាក់អាវពណ៌ក្រហម ស្លៀកសំពត់ផ្កា ពណ៌ខៀវ ផ្នែកក្បាល ករ ពុំមានស្លាក់ស្នាមអ្វីគួឲ្យកត់សំគាល់នោះទេ រីឯផ្នែកដងខ្លួន អវៈយវៈ ពុំមានស្លាក់ស្នាមអ្វីគួរកត់សំគាត់នោះដែរ។ តាមការសន្និដ្ឋានរបស់គណះកម្មការ ដោយផ្អែកទៅលើការសាកសួរបំភ្លឺសាក្សីនៅកន្លែងកើតហេតុ និងការត្រួតពិនិត្យស្រាវជ្រាវរបស់មន្រ្តីជំនាញជុំវិញកន្លែងកើតហេតុ ព្រមទាំងការពិនិត្យធ្វើកោសល្យវិច្ច័យលើសាកសព សន្និដ្ឋានបានថា សាកសពស្លាប់ដោយសារខ្វះជាតិស្ករ មិនសូវបានហូបអាហារគ្រប់គ្រាន់ ពុំមានស្លាក់ស្នាមអ្វីពាក់ព័ន្ទនឹងអំពើឃាតកម្មរឺអត្តឃាតឡើយ។សពក្រោយពីពិនិត្យ ប្រគល់ឲ្យមេភូមិរោងម៉ាស៊ីនយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តសុភមង្គល ៕