អាវុធហត្ថ បញ្ជូនខ្លួនជនត្រូវចោទម្នាក់ ដោយអនុវត្តតាមដីការ ទៅតុលាការ ពីបទធ្វើឲ្យខូចខាត ដោយចេតនា មានស្ថានទម្ងន់ទោស និងកាន់កាប់ ឫដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត
(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រុក ដឹកនាំដោយលោក វរសេនីយ៍ត្រី ឈឹម ប៊ុនឈឿម មេបញ្ជាការ មូលដ្ឋាន កងរាជអាវុធហត្ថស្រុកភ្នំស្រុក កាលពីវេលាម៉ោង២០និង៤០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បានចុះអនុវត្តតាមដីកាបង្គាប់ឱ្យនាំខ្លួនលេខ ៖ ៣៥ ព្រ.ទI”ឆ“/២៤ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ របស់លោក ឆឹម ឫទ្ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រី ឈឹម ប៊ុនឈឿម បានឱ្យដឹងថា ជនត្រូវចោទឈ្មោះ ណាន ឧត្តម ហៅដំ ភេទ ប្រុស អាយុ១៦ឆ្នាំ អាសយដ្ឋាន បច្ចុប្បន្ន នៅភូមិប៉ោយស្នួល ឃុំប៉ោយចារ ស្រុកភ្នំស្រុក ពីបទធ្វើឲ្យ ខូចខាត ដោយចេតនាស្ថានទម្ងន់ទោស និងកាន់កាប់ ឫដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ដែលប្រព្រឹត្ត កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ នៅចំណុចភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី ឈឹម ប៊ុនឈឿម បានឱ្យដឹងទៀតថា ជនត្រូវចោទក្រោយពីឃាត់ខ្លួន ត្រូវបានកម្លាំងជំនាញបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ជនត្រូវចោទ បច្ចុប្បន្នត្រូវបានការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់៕