បុរសវ័យជាង២០ឆ្នាំម្នាក់ បានរងរបួសធ្ងន់ ត្រូវបានក្រុមសង្គ្រោះបឋមអាវក្រហម លាងរបួសរួចដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ក្រោយពីរថយន្តម៉ាកព្រូសបុកពីក្រោយធ្លាក់ចូលប្រឡាយ រួចបើករត់គេចខ្លួនបាត់ស្រមោល
ខេត្តបន្ទាយមានជ័យ ៖ បុករត់មួយករណីទៀតហើយនាវេលាម៉ោងជាង៨យប់ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅតាមបណ្ដោយជាតិលេខ៥ ត្រង់ចំណុចខាងមុខទំនប់អូរខៃដន ស្ថិតនៅក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបង្កឡើងដោយរថយន្តម៉ាកព្រូស បានបុកជាមួយនឹងម៉ូតូ បណ្ដាលឲ្យប៉ើងធ្លាក់ចូលប្រឡាយរងរបួសធ្ងន់ឈាមហូរពេញផ្ទៃមុខ និងបែកក្បាលជាច្រើនថ្នេរ ត្រូវបានក្រុមសង្គ្រោះបឋមអាវក្រហមក្រុងប៉ោយប៉ែត លាងមុខរបួសរួចដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក់ព្រូស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BK-2571 បើកបរក្នុងទិសដៅមកពីខេត្តបន្ទាយមានជ័យ ឆ្ពោះទៅកាន់ក្រុងប៉ោយប៉ែត លុះមកដល់ចំណុចកើតហេតុខាងលើបានបុកម៉ូតូទ្រីមសង់ ពាក់ស្លាកលេខ បាត់ដំបង 1AL-9172 ពីក្រោយប៉ើងធ្លាក់ផ្លូវចូលប្រឡាយ បណ្ដាលឱ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់តែម្ដង។ក្រោយពីកើតហេតុ រថយន្តបង្កបានបើករត់គេចខ្លួនក្នុងទិសដៅទៅក្រុងប៉ោយប៉ែតបាត់ស្រមោល។
ក្រោយពីកើតហេតុកម្លាំងនគរបាលផែនចរាចរណ៍ផ្លូវគោក បានចុះមកធ្វើការរបស់វែង រួចនាំយកមធ្យោបាយពាក់ព័ន្ធយករក្សាទុកនៅអធិការដ្ឋាននគបាលក្រុងប៉ោយប៉ែត ។ចំណែករថយន្តបង្កសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីឃាត់ឱ្យចូលខ្លួនមកដោះស្រាយតាមនីតិវិធី។
ពាក់ព័ន្ធករណីសង្គ្រោះថ្នាក់ចរាចរណ៍នេះដែរគេសង្កេតឃើញថា ចាប់ពីដើមឆ្នាំ២០២៤ រហូតមកដល់ពេលនេះ ហាក់បីដូចជាមានការកើនឡើង ។ទន្ទឹមនោះក៏មានក្រុមសង្គ្រោះបឋមអាវក្រហមក្រុងប៉ោយប៉ែត បានចុះជួយលាងមុខរបួសនិងដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗយ៉ាងសកម្មទាំងយប់ទាំងថ្ងៃរាល់មានករណីគ្រោះថ្នាក់ផ្សេងៗពិសេសគ្រោះថ្នាក់ចរាចរណ៍តែម្ដងកើតមានឡើងធ្វើឲ្យមហាជន ពិសេសប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតមានការគាំទ្រយ៉ាងពេញទំហឹងផងដែរ ៕