ចាស់ជរាគ្មានទីពឹងចំនួន៤៨នាក់ ទទួលប្រាក់ឧបត្ថម្ភពីមូលនិធិចាស់ជរាគ្មានទីពឹងរបស់លោកជំទាវ បាន ស្រីមុំ
ខេត្តប៉ៃលិន ៖ឯកឧត្តម ហុក សុផល តំណាងលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណ:អភិបាលខេត្តប៉ៃលិន និងជាប្រធានមូលនិធិចាស់ជរាគ្មានទីពឹងខេត្តប៉ៃលិន រួមនឹងក្រុមការងារមូលនិធិគាំទ្រសុខភាព និងសង្គ្រោះបន្ទាន់ជនចាស់ជរាគ្មានទីពឹង នៅព្រឹកថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២៤នេះ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងបើកប្រាក់ឧបត្ថម្ភប្រចាំខែកុម្ភ: ឆ្នាំ២០២៤ ជូនដល់លោកយាយ លោកតា ចំនួន ៤៧នាក់ ដោយក្នុងម្នាក់ៗសម្ភារ:មួយចំនួន និងថវិកា ១០០.០០០រៀល(មួយសែនរៀលគត់)។
ក្នុងពិធីសំណេះសំណាលនេះឯកឧត្តម ហ៊ុក សុផល បាននាំបណ្តាំផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ទេសរដ្ឋមន្ត្រី អុី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត ជូនដល់លោកយាយ លោកតាចាស់ជរាទាំងអស់ ដែលជានិច្ចកាលលោកទាំងទ្វេរ តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែងនៅទូទាំងខេត្តប៉ៃលិន។ហើយថ្នាក់ដឹកនាំទាំងអស់ តែងតែបានគិតគូរសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ ដោយមិនអោយប្រជាពលរដ្ឋណាម្នាក់ជួបទុក្ខហើយយើងមិនដឹងនោះឡើយ ។
សំរាប់ មូលនិធិនេះ បានបង្កើតជាង១០ឆ្នាំមកហើយ ផ្តួចផ្តើមដោយឯកឧត្តមទេសរដ្ឋមន្ត្រី អុី ឈាន និងលោកជំទាវ បាន ស្រីមុំ ក្នុងគោលបំណងជួយដល់លោកយាយ លោកតាចាស់ជរាគ្មានទីពឹង មានជីវភាពខ្សត់ខ្សោយ និងមានអាយុចាប់ពី៧០ឆ្នាំឡើងទៅ ដែលពុំមានលទ្ធភាពអាចចេញទៅប្រកបមុខរបរចិញ្ចឹមជីវិតបាន ក៏ដូចជាការជួយលើកកំពស់កម្រិតជីវភាព និងបំប៉នថែទាំសុខភាពលោកយាយ លោកតា ដោយមិនប្រកាន់បក្ខពួក និងនិន្នាការនយោបាយឡើយ ព្រោះមនុស្សចាស់ គឺមានគុណបំណាច់ធំធេងណាស់ ក្នុងការជួយអប់រំ ប្រៀនប្រដៅ ដល់កូនចៅជំនាន់ក្រោយៗ ឲ្យប្រព្រឹត្តិតែ អំពើល្អ។
ជាមួយគ្នានេះលោកយាយ លោកតា ដែលបានទទួលប្រាក់ឧបត្ថម្ភពីមូលនិធិចាស់ជរា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងបានជូនពរស័ព្ទសារធុការ ចំពោះឯកឧត្តម និងលោកជំទាវ ប្រធានមូលនិធិចាស់ជរាដែលតែងតែជួយឧបត្ថម្ភថវិកា ដល់ពួកគាត់ជារៀងរាល់ខែ ដើម្បីដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃបានធូរស្រាលមួយកម្រឹតធំផងដែរ។
ម្យ៉ាងវិញទៀត ដើម្បីសម្រួលដល់ការធ្វើដំណើររបស់លោកយាយ លោកតានៅតាមភូមិដាច់ស្រយាល ក្រុមការងារមូលនិធិត្រូវបានបែងចែកជា ២ក្រុម គឺក្រុមទី១ នៅសាលាឃុំអូរអណ្តូង និងក្រុមទី២ ចុះចែកជូនតាមខ្នងផ្ទះចាស់ជរា ដែលមានជំងឺមកមិនបាន ដោយមូលនិធិ បានបើកផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ ដល់លោកយាយ លោកតា ចាស់ជរា ចំនួន៤៨នាក់ដោយក្នុងម្នាក់ៗ ទទួលបានថវិកា ចំនួន១០ម៉ឺនរៀល មី ត្រីខ ទឹកសណ្តែក ឃីត(មុង ភួយ ក្រមា សារ៉ុង) និងជែលលាងដៃផងដែរ ៕