បុរសម្នាក់ដើរបេះបន្លែយកទៅលក់ ដើម្បីផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ បានជាន់មីនផ្ទុះ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូូវបាននគរបាលដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យភ្លាមៗ
ខេត្តបន្ទាយមានជ័យ៖ដោយសារតែជីវភាពខ្វះខាត បុរសម្នាក់ដើរបេះបន្លែយកទៅលក់ បានជាន់មីនផ្ទុះរងរបួសធ្ងន់ ដោយដាច់ជើងម្ខាង និងម្ខាងទៀតបែកសាច់អស់នៅសល់តែឆ្អឹង ចាប់ពីកំភួនជើងចុះក្រោម ត្រូវបានកម្លាំងសមត្ថកិច្ចដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ភ្លាមៗ ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅក្នុងព្រៃចំការមីន (តំបន់ព្រំដែនមិនទាន់ច្បាស់លាស់)មុខទំនប់ក៥ ស្ថិតក្នុងភូមិសិលា ខ្មែរឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ វណ្ណ កំសត់ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។មុនពេលកើតហេតុជនរងគ្រោះ បានដើររកបេះបន្លែស្លឹកព្រេចដើម្បីលក់ដូចសព្វមួយដងតែថ្ងៃនេះបានដើរជ្រុលចូលទៅក្នុងព្រៃចំការមីន (តំបន់ព្រំដែនមិនទាន់ច្បាស់លាស់)មុខទំនប់ក៥ ស្ថិតក្នុងភូមិសិលា ខ្មែរឃុំអូរបីជាន់ ស្រុកអូរជ្រៅ ក៏បានជួបគ្រោះអកុសលជាន់មីនបណ្តាលឲ្យផ្ទុះរបួសជើងធ្ងន់ទាំងសងខាង(ដាច់ជើងខាងស្តាំ) ត្រូវបានកម្លាំងប៉ុស្តិ៍ព្រំដែនសិលាខ្មែរ រួមជាមួយយោធាជួយដឹកមកសង្គ្រោះបន្ទាន់ នៅមណ្ឌលសុខភាពសិលាខ្មែររួចបញ្ជូនបន្តទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា–ជប៉ុន ។
ជាមួយគ្នានោះសមត្ថកិច្ចបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់លាស់ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះពិសេសសូមកុំប៉ះពាល់នៅពេលឃើញមីន ឬគ្រាប់មិនទាន់ផ្ទុះ ត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕