បន្ទាយមានជ័យ៖ ក្នុងឱកាសអបអរសាទរ នៃការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ គ.ស ២០២៥ ជារៀងរាល់ឆ្នាំប្រជាពលរដ្ឋយើងទូទាំងប្រទេសកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋគ្រប់រូបក្នុងខេត្តបន្ទាយមានជ័យ តែងតែប្រារព្ធពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររបស់ខ្លួន ក្នុងមនោសញ្ចេតនា សប្បាយរីករាយប្រកបដោយសាមគ្គីភាព និងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅក្រៃលែង។ បើតាមដំណើរសង្ក្រាន្ត គឺពិធីចូលឆ្នាំថ្មីឆ្នាំម្សាញ់ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែមេសា ឆ្នាំ២០២៥ ដោយឡែករយៈពេលថ្ងៃកន្លងទៅនេះ សម្រាប់វត្តគិរីរុក្ខារាម ថ្មរមៀល ស្ថិតនៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ព្រះអង្គគ្រូ រ៉េន ស៊ីណាត ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះចៅអធិការវត្តថ្មរមៀល ព្រះអង្គបានធ្វើការដឹកនាំ ដើម្បីបង្កភាពសប្បាយរីករាយ និងរក្សាប្រពៃណីទំនៀមទម្លាប់របស់ជាតិយើង ឲ្យបានគង់វង្ស រុងរឿង យូរអង្វែងនោះ ព្រះអង្គបានរៀបចំលេងល្បែងប្រជាប្រិយ ដែលជាប្រពៃណីជាតិខ្មែរយើង ដើម្បីបង្កលក្ខណៈសប្បាយរីករាយ ក្នុងបរិវេណវត្តថ្មរមៀលនេះ ជាវត្តតំបន់ព្រៃភ្នំ បរិស្ថានស្អាត បែបធម្មជាតិ ល្បែងប្រជាប្រិយរួមមាន ជិះកង់ឆ្លងស្ពាន ឡើងសរសខ្លាញ់ ផ្លុំម្សៅយករង្វាន់ វាយក្អម ខាំផ្លែប៉ោម និងមានល្បែងកំសាន្តផ្សេងៗទៀត។
ក្រៅពីរលេងល្បែងប្រជាប្រិយ ក៏មានរៀបចំប្រដាល់គុណខ្មែរ វាយគ្នាជាមិត្តភាពសម្រាប់ក្មេងតូចៗ និងប្រដាល់គុណខ្មែរយកពានរង្វាន់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា។
ព្រះអង្គគ្រូ រ៉េន ស៊ីណាត បានមានសង្ឃដីកាបញ្ជាក់ថា ពិធីនេះប្រារព្ធឡើងដើម្បីសម្តែងនូវអំណរសាទរស្វាគមន៍ចំពោះការចូលមកដល់នៃឆ្នាំថ្មី និងដើម្បីសម្តែងនូវការគោរពដឹងគុណដ៏ជ្រាលជ្រៅ ថ្វាយប្រគេនព្រះពរ សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក ព្រះសង្ឃគ្រប់ព្រះអង្គ ថ្វាយព្រះពរចំពោះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពងខ្ពស់បំផុត ថ្វាយព្រះពរ ជូនពរ ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត និងបុព្វការីទាំងឡាយមាន មាតា បិតា គ្រូឧបជ្ឈាយាចារ្យ ចាស់ព្រឹទ្ធាចារ្យ សំដៅបង្កើនឡើងនូវមនោសញ្ចេតនាគោរពស្រឡាញ់ជាភាតរភាព សាមគ្គីភាព ស្និទ្ធស្នាល និងទទួលសព្ទសាធុការពរពីទេវតាឆ្នាំថ្មី ព្រះនាម គោរាគទេវី តាមប្រពៃណីជាតិតរៀងទៅ៕