ទេសរដ្ឋមន្ត្រី អុី ឈាន អញ្ជើញជាអធិបតីក្នុងពិធីបុណ្យមាឃបូជា នៅវត្ដរតនសោភ័ណ (ហៅវត្តកោងកាង)
ប៉ៃលិន ៖ ឯកឧត្ដម អុី ឈាន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន នាយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យមាឃបូជា នៅវត្ដរតនសោភ័ណ (ហៅវត្តកោងកាង) ។ពិធីនេះក៏មានការអញ្ជើញចូលរួមពីក្រុមការងារ គណៈអភិបាលខេត្ត មន្ត្រីរាជការ គ្រប់បណ្តាមន្ទីរ អង្គភាព តាជី យាយជី ពុទ្ធបរិស័ទជិតឆ្ងាយផងដែរ។
ពិធីនេះបានប្រារព្ធតាមគន្លងពុទ្ធប្បវេណី ដើម្បីរលឹកដល់ព្រឹត្តិការណ៍សំខាន់ៗបីយ៉ាង៖
ទី១– រំលឹកដល់ថ្ងៃនៃការប្រជុំចតុរង្គសន្និបាត ព្រះអរហន្ត ១២៥០អង្គដែលប្រព្រឹត្តទៅនាថ្ងៃពេញបូរមី ក្នុងឆ្នាំរកាមុនពុទ្ធសករាជ៤៤ឆ្នាំដែលជាថ្ងៃនក្ខត្តឬក្សធំមួយ របស់ព្រះសក្យមុនីគោតមបរមគ្រូនៃយើង ដែលសន្និបាតបែបនេះមានតែម្តងគត់នាសម័យពុទ្ធកាល ពុទ្ធសាវ័ក ដែលនិមន្តចូលរួមចតុរង្គសន្និបាត គ្មានការណាត់ជាមុនឡើយ។
ទី២-រំលឹកដល់ថ្ងៃដែលព្រះពុទ្ធជាអម្ចាស់ប្រកាសដាក់ព្រះជន្មាយុសង្ខារចំពោះមុខមារ ប្រព្រឹត្តទៅនាថ្ងៃពេញបូរមី ខែមាឃជាថ្ងៃអភិលក្ខិតកាលដ៏ធំមួយទៀត នៅមុនពុទ្ធសករាជ៣ខែ សម័យនោះព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងទ្រង់ប្រជុំសាវ័កហើយប្រកាសដាក់ព្រះជន្មាយុសង្ខាររបស់ព្រះអង្គ។
ទី៣–រំលឹកដល់ព្រះសព្វញ្ញុតញ្ញាណ សំដែងព្រះឱវាទបាតិមោក្ខដែលខ្លឹមសារក្នុងឱវាទមោក្ខបំព្រួញឱ្យខ្លីគឺសព្វបាបស្ស អករណំ កុសលស្សូបសម្បទា សចិត្តបរិយោទបនំ មានន័យថា កិរិយាមិនធ្វើនូវ អំពើបាប ទាំងពួង កិរិយាបំពេញ តែបុណ្យកុសល និងជម្រះចិត្តឱ្យស្អាតផូរផង់ “៕