ព័ត៌មានជាតិ

ពិធីបង្សុកូលឧទ្ទិសថ្វា​យព្រះរាជ​មហាកុសលថ្វាយ ចំពោះ សម្ដេចព្រះអគ្គមហា​សង្ឃរាជាធិ​បតី កិត្តិ​ឧន្ទេស​បណ្ឌិត​ ទេព វង្ស

ខេត្តបន្ទាយមានជ័យ៖មន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ រដ្ឋបាលក្រុងប៉ោយប៉ែត និង​ព្រះ​មន្ត្រីសង្ឃក្រុងប៉ោ​យប៉ែត ប្រជាពុទ្ធបរិ​ស័ទជិតឆ្ងាយនាចុងសប្តាហ៍កន្លងទៅនេះ បានប្រារព្ធ​ពិធីប​ង្សុកូ​លឧទ្ទិសថ្វាយព្រះ​រាជមហាកុសល​ថ្វាយចំពោះ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧ​ន្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះម​ហាសង្ឃរាជ នៃព្រះរាជាណា​ចក្រកម្ពុជា ដែល​បានធ្វើ​ឡើង​នៅវត្ត ឃោសត្ថារាម (ស្រះត្រាច) ក្នុងក្រុងប៉ោយប៉ែត។ កម្មវិធីបុណ្យបង្សុកូ​លថ្វាយ សម្ដេច ទេព វង្ស នាឱ​កាសនោះក៏បានរៀបចំ​ទៅតាម បែបប្រពៃណីព្រះពុទ្ធ​សាសនានៃយើង។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោ​យប៉ែតបា​នមានប្រសាសន៍ផ​ងដែរថា ការចូល​រួមគោរ​ពព្រះ​វិញ្ញាណក្ខន្ធព្រះសព ក៏ដូចជាការធ្វើពិធីបង្សុកូលឧទ្ទិសថ្វាយដល់ សម្ដេចព្រះ​អគ្គមហាសង្ឃរា​ជាធិបតី កិត្តិឧន្ទេសបណ្ឌិត ទេព វង្ស នាពេលនេះគឺមានទឹកចិត្តសោកស្ដាយជាពន់ពេក ដែលក្នុងមួ​យព្រះជន្មរបស់សម្ដេច សម្ដេចមានគុ​ណបំណាច់យ៉ា​ងធំធេងចំពោះជាតិសាសនាព្រះមហាក្សត្រ ជាពិសេស​សម្ដេចបានធ្វើពលិកម្មដ៏ខ្ពង់ខ្ពស់ទ្រទ្រង់ ពុទ្ធប្បញ្ញត្តិនិង​លើកកម្ពស់ព្រះ​ពុទ្ធសាសនា​នៅកម្ពុជា។

ព្រះសពត្រូវបានតម្កល់ទុក ក្នុងវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីធ្វើបុណ្យទក្ខិណានុប្បទានឧទ្ទិស ព្រះរាជកុសលថ្វាយព្រះវិញ្ញាណក្ខន្ធព្រះសព តាមប្រពៃ​ណីពុទ្ធសា​សនាខ្មែររហូតដល់ថ្ងៃថ្វាយព្រះភ្លើង។ តែបើតាម​សេចក្ដីប្រ​គេននិងជូន​ដំណឹងរបស់​គណសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា លេខ ៣៣/២៤ សនកជ ដែលបានចុះព្រះ​ហត្ថលេខាកា​លពីថ្ងៃទី០៧ ខែ មិនា ឆ្នាំ ២០២៤ ដោយសម្ដេចព្រះ​ពោធិវ័ង្ស អំ លឹមហេង សម្ដេចព្រះ​សង្ឃនាយ​កស្ដីទី ដោយមានខ្លឹមសារបញ្ជាក់ថា គណៈកម្មការរៀបចំព្រះរាជពិធីបុណ្យ បានរៀបចំពិ​ធីចម្រើនព្រះ​បរិត្ត និងសូត្រព្រះអភិធម្មបង្សុកូលឧទ្ទិស ព្រះរាជមហាកុស​លថ្វាយព្រះវិញ្ញា​ណក្ខន្ធព្រះបរម​សព នៅវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ តាមប្រពៃ​ណី​ពុទ្ធសាសនាខ្មែររហូតដល់ថ្ងៃថ្វា​យព្រះភ្លើងនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤។

ជាមួយគ្នានេះ គណៈសង្ឃនាយក សូមប្រគេនជូនដំណឹងដល់ព្រះថេរានុត្ថេរៈគ្រប់អង្គ និងពុទ្ធបរិស័​ទសប្បុរស​ជនគ្រប់មជ្ឈដ្ឋាន ដែលមានបំណងនឹងនិមន្តអញ្ជើញចូលថ្វា​យបង្គំគោរពព្រះ​វិញ្ញាណ​ក្ខន្ធព្រះប​រមសព សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា សូមមេត្តានិមន្តអញ្ជើញតា​មសទ្ធាជ្រះថ្លា ចាប់ពីម៉ោ​ង ៨ព្រឹក ដល់ម៉ោង ១២យប់ ជារៀងរាល់ថ្ងៃរហូតដល់ថ្ងៃថ្វា​យព្រះភ្លើង​ព្រះបរមស​ព៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button