ពិធីបង្សុកូលឧទ្ទិសថ្វាយព្រះរាជមហាកុសលថ្វាយ ចំពោះ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧន្ទេសបណ្ឌិត ទេព វង្ស
ខេត្តបន្ទាយមានជ័យ៖មន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ រដ្ឋបាលក្រុងប៉ោយប៉ែត និងព្រះមន្ត្រីសង្ឃក្រុងប៉ោយប៉ែត ប្រជាពុទ្ធបរិស័ទជិតឆ្ងាយនាចុងសប្តាហ៍កន្លងទៅនេះ បានប្រារព្ធពិធីបង្សុកូលឧទ្ទិសថ្វាយព្រះរាជមហាកុសលថ្វាយចំពោះ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧន្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឡើងនៅវត្ត ឃោសត្ថារាម (ស្រះត្រាច) ក្នុងក្រុងប៉ោយប៉ែត។ កម្មវិធីបុណ្យបង្សុកូលថ្វាយ សម្ដេច ទេព វង្ស នាឱកាសនោះក៏បានរៀបចំទៅតាម បែបប្រពៃណីព្រះពុទ្ធសាសនានៃយើង។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានមានប្រសាសន៍ផងដែរថា ការចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះសព ក៏ដូចជាការធ្វើពិធីបង្សុកូលឧទ្ទិសថ្វាយដល់ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧន្ទេសបណ្ឌិត ទេព វង្ស នាពេលនេះគឺមានទឹកចិត្តសោកស្ដាយជាពន់ពេក ដែលក្នុងមួយព្រះជន្មរបស់សម្ដេច សម្ដេចមានគុណបំណាច់យ៉ាងធំធេងចំពោះជាតិសាសនាព្រះមហាក្សត្រ ជាពិសេសសម្ដេចបានធ្វើពលិកម្មដ៏ខ្ពង់ខ្ពស់ទ្រទ្រង់ ពុទ្ធប្បញ្ញត្តិនិងលើកកម្ពស់ព្រះពុទ្ធសាសនានៅកម្ពុជា។
ព្រះសពត្រូវបានតម្កល់ទុក ក្នុងវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីធ្វើបុណ្យទក្ខិណានុប្បទានឧទ្ទិស ព្រះរាជកុសលថ្វាយព្រះវិញ្ញាណក្ខន្ធព្រះសព តាមប្រពៃណីពុទ្ធសាសនាខ្មែររហូតដល់ថ្ងៃថ្វាយព្រះភ្លើង។ តែបើតាមសេចក្ដីប្រគេននិងជូនដំណឹងរបស់គណសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា លេខ ៣៣/២៤ សនកជ ដែលបានចុះព្រះហត្ថលេខាកាលពីថ្ងៃទី០៧ ខែ មិនា ឆ្នាំ ២០២៤ ដោយសម្ដេចព្រះពោធិវ័ង្ស អំ លឹមហេង សម្ដេចព្រះសង្ឃនាយកស្ដីទី ដោយមានខ្លឹមសារបញ្ជាក់ថា គណៈកម្មការរៀបចំព្រះរាជពិធីបុណ្យ បានរៀបចំពិធីចម្រើនព្រះបរិត្ត និងសូត្រព្រះអភិធម្មបង្សុកូលឧទ្ទិស ព្រះរាជមហាកុសលថ្វាយព្រះវិញ្ញាណក្ខន្ធព្រះបរមសព នៅវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ តាមប្រពៃណីពុទ្ធសាសនាខ្មែររហូតដល់ថ្ងៃថ្វាយព្រះភ្លើងនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤។
ជាមួយគ្នានេះ គណៈសង្ឃនាយក សូមប្រគេន–ជូនដំណឹងដល់ព្រះថេរានុត្ថេរៈគ្រប់អង្គ និងពុទ្ធបរិស័ទសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានបំណងនឹងនិមន្ត–អញ្ជើញចូលថ្វាយបង្គំគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមសព សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា សូមមេត្តានិមន្ត–អញ្ជើញតាមសទ្ធាជ្រះថ្លា ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ១២យប់ ជារៀងរាល់ថ្ងៃរហូតដល់ថ្ងៃថ្វាយព្រះភ្លើងព្រះបរមសព៕