ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួង​សន្តិសុខ​សាធា​រណៈឡាវ ប្រជុំពិនិត្យវា​យតម្លៃល​ទ្ធផលកិច្ច​ស​ហប្រតិ​បត្តិការឆ្នាំ២០២៣ និងចុះហត្ថលេ​ខាលើកំណត់ហេតុស្ដីពីកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២៤

(ភ្នំពេញ)៖ កិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៣ និងចុះហត្ថលេ​ខា​លើកំ​ណត់ហេតុស្ដីពី​កិច្ចសហ​ប្រតិបត្តិការ ឆ្នាំ២០២៤ ​រវាងក្រសួងមហា​ផ្ទៃ នៃព្រះរា​ជាណាក្រកម្ពុជា និងក្រសួ​ងសន្តិសុខសា​ធារណៈ នៃសាធារ​ណរដ្ឋប្រជាធិបតេយ្យប្រជាមា​និតឡាវ ត្រូវបានរៀប​ចំឡើងនៅព្រះរា​ជាណាច​ក្រកម្ពុជា នារសៀលថ្ងៃទី​១៤ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីកា​រក្រសួងម​ហាផ្ទៃ

ដំណើរអញ្ជើញមកដល់ទីស្ដីការក្រសួងមហាផ្ទៃ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំ​ហ្វង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិតឡា​វ ត្រូវបានទទួលស្វាគ​មន៍ដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយ​ករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អមដោយកងកិត្តិយសនៃអគ្គស្នងកា​រដ្ឋាននគរបាលជាតិ

កិច្ចប្រជុំបានចាប់ផ្ដើមពីជំនួបចង្អៀត ដោយភា​គីកម្ពុជា មានការអញ្ជើញចូលរួមពីឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រី​ទទួលបន្ទុករដ្ឋលេខា​ធិការដ្ឋានកិច្ចការព្រំដែន ឯកឧត្តមរដ្ឋលេ​ខាធិការប្រចាំ​ការក្រសួងម​ហាផ្ទៃ ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ ឯកឧត្ត​មនាយក​សាលាជាតិរដ្ឋបាលមូលដ្ឋាន ឯកឧត្តមអគ្គលេខាធិការ ឯកឧត្តមអភិបាលខេត្តស្ទឹងត្រែង រតនគិរី និងខេត្តព្រះវិហារ។

ចំណែកភាគីឡាវ មានការអញ្ជើញចូលរួមពី ឯកឧត្តមឯកអគ្គរដ្ឋទូតឡាវប្រចាំនៅកម្ពុជា ឯកឧត្តម​អភិបាលខេត្តអត្តពឺ ឯកឧត្តមអភិបាលរងខេត្តចំប៉ាសាក់ ឯកឧត្តមអនុរដ្ឋមន្រ្តី ឯកឧត្តមអគ្គ​នាយកភស្តុភារ ឯកឧត្តមនា​យកខុទ្ទកាល័យក្រសួង ឯកឧត្តមអគ្គនាយកនយោបាយ ឯកឧត្តម​អគ្គនា​យកសន្តិសុខ និងឯកឧត្តមអគ្គស្នងការនគរបាល នៃក្រសួងសន្តិសុខសាធារណៈឡាវ។

ក្រោយពីប​ញ្ចប់កិច្ចជំនួបចង្អៀត ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី និងឯកឧត្តម នាយឧត្តមសេ​នីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្រ្តី បានបន្តអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៣ ដោយមានការអញ្ជើញចូល​រួមពីឯ​កឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំមួយចំនួនទៀត នៃក្រសួងទាំងពីរ។

នាឱកាសនោះឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ទៅកាន់សមភាគីឡាវ អំពីសភា​ពការណ៍សាកលលោក និងសភាពការណ៍ទូទៅនៅកម្ពុជា ដែលរួមមានស្ថានភាពសេដ្ឋកិច្ច សភាពការ​ណ៍នយោបាយ សភាពការណ៍សន្តិសុខ ការប្រយុទ្ធប្រឆាំងគ្រឿងញឿនខុសច្បាប់ ព្រម​ទាំ​ងបានរំលេចបញ្ជាក់អំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការឆ្នាំ២០២៣ រវាងក្រសួងទាំងពីរ និងសំ​ណូមពរមួយចំនួនសម្រាប់ឆ្នាំ២០២៤

ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រ​សួងស​ន្តិសុខសាធារណៈឡា ក៏បានគូសបញ្ជាក់អំពី​សភាពការណ៍ទូទៅនៅក្នុងប្រទេសឡាវ ក្នុងនោះ​រួមទាំងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗ ជាពិសេសបទល្មើសគ្រឿងញៀន។ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧនាយករដ្ឋមន្រ្តី ក៏បង្ហាញការក​ត់សម្គាល់អំពីកិច្ច​សហប្រតិបត្តិកា​រដ៏ល្អគ្រប់ថ្នាក់រវាងអង្គភាពចំណុះក្រសួងទាំងពីរ រួមទាំងខេត្តជាប់ព្រំដែនផងដែរ។

គួរកត់សម្គាល់ថា ក្នុងជំនួបនិងកិច្ចប្រជុំនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ក៏បានបង្ហាញក្ដីនឹករលឹកខ្ពស់ចំ​ពោះសម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រ​សួងមហាផ្ទៃ និងបានថ្លែ​ងអបអរសាទរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដែលត្រូវបាន​តែងតាំង​ជាឧ​បនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ភាគីទាំងពីរ ក៏បង្ហាញការគាំទ្រចំពោះជំ​នួបរវាងនា​យករដ្ឋមន្រ្តី និងប្រធានរដ្ឋសភា នៃប្រទេសទាំងពីរ កាលពីពេលថ្មីនេះផងដែរ។

កិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងស្មារតីមិត្តភាព សាមគ្គីភាព និងយោគយល់ខ្ពស់។ នៅចុងបញ្ចប់​ឯកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​សន្តិសុខសា​ធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានចុះហត្ថលេខាលើកំណត់ហេតុ ស្តី​ពីកិច្ចស​ហប្រតិបត្តិការឆ្នាំ២០២៤ ផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button