ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ ប្រជុំពិនិត្យវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៣ និងចុះហត្ថលេខាលើកំណត់ហេតុស្ដីពីកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២៤
(ភ្នំពេញ)៖ កិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៣ និងចុះហត្ថលេខាលើកំណត់ហេតុស្ដីពីកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២៤ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ត្រូវបានរៀបចំឡើងនៅព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ។
ដំណើរអញ្ជើញមកដល់ទីស្ដីការក្រសួងមហាផ្ទៃ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ត្រូវបានទទួលស្វាគមន៍ដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អមដោយកងកិត្តិយសនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
កិច្ចប្រជុំបានចាប់ផ្ដើមពីជំនួបចង្អៀត ដោយភាគីកម្ពុជា មានការអញ្ជើញចូលរួមពីឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ឯកឧត្តមរដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ ឯកឧត្តមនាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន ឯកឧត្តមអគ្គលេខាធិការ ឯកឧត្តមអភិបាលខេត្តស្ទឹងត្រែង រតនគិរី និងខេត្តព្រះវិហារ។
ចំណែកភាគីឡាវ មានការអញ្ជើញចូលរួមពី ឯកឧត្តមឯកអគ្គរដ្ឋទូតឡាវប្រចាំនៅកម្ពុជា ឯកឧត្តមអភិបាលខេត្តអត្តពឺ ឯកឧត្តមអភិបាលរងខេត្តចំប៉ាសាក់ ឯកឧត្តមអនុរដ្ឋមន្រ្តី ឯកឧត្តមអគ្គនាយកភស្តុភារ ឯកឧត្តមនាយកខុទ្ទកាល័យក្រសួង ឯកឧត្តមអគ្គនាយកនយោបាយ ឯកឧត្តមអគ្គនាយកសន្តិសុខ និងឯកឧត្តមអគ្គស្នងការនគរបាល នៃក្រសួងសន្តិសុខសាធារណៈឡាវ។
ក្រោយពីបញ្ចប់កិច្ចជំនួបចង្អៀត ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី និងឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្រ្តី បានបន្តអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំមួយចំនួនទៀត នៃក្រសួងទាំងពីរ។
នាឱកាសនោះឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ទៅកាន់សមភាគីឡាវ អំពីសភាពការណ៍សាកលលោក និងសភាពការណ៍ទូទៅនៅកម្ពុជា ដែលរួមមានស្ថានភាពសេដ្ឋកិច្ច សភាពការណ៍នយោបាយ សភាពការណ៍សន្តិសុខ ការប្រយុទ្ធប្រឆាំងគ្រឿងញឿនខុសច្បាប់ ព្រមទាំងបានរំលេចបញ្ជាក់អំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការឆ្នាំ២០២៣ រវាងក្រសួងទាំងពីរ និងសំណូមពរមួយចំនួនសម្រាប់ឆ្នាំ២០២៤។
ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈឡា ក៏បានគូសបញ្ជាក់អំពីសភាពការណ៍ទូទៅនៅក្នុងប្រទេសឡាវ ក្នុងនោះរួមទាំងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗ ជាពិសេសបទល្មើសគ្រឿងញៀន។ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧនាយករដ្ឋមន្រ្តី ក៏បង្ហាញការកត់សម្គាល់អំពីកិច្ចសហប្រតិបត្តិការដ៏ល្អគ្រប់ថ្នាក់រវាងអង្គភាពចំណុះក្រសួងទាំងពីរ រួមទាំងខេត្តជាប់ព្រំដែនផងដែរ។
គួរកត់សម្គាល់ថា ក្នុងជំនួបនិងកិច្ចប្រជុំនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ក៏បានបង្ហាញក្ដីនឹករលឹកខ្ពស់ចំពោះសម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងបានថ្លែងអបអរសាទរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដែលត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ភាគីទាំងពីរ ក៏បង្ហាញការគាំទ្រចំពោះជំនួបរវាងនាយករដ្ឋមន្រ្តី និងប្រធានរដ្ឋសភា នៃប្រទេសទាំងពីរ កាលពីពេលថ្មីនេះផងដែរ។
កិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងស្មារតីមិត្តភាព សាមគ្គីភាព និងយោគយល់ខ្ពស់។ នៅចុងបញ្ចប់ឯកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានចុះហត្ថលេខាលើកំណត់ហេតុ ស្តីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០២៤ ផងដែរ៕