វគ្គសិក្ខាសាលា ផ្សព្វផ្សាយស្ដីពីកម្មវិធី បណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា(ហូកា)អមដោយពិធីប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមជំនាញ “សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ការិយាល័យជួរមុខ និងគេហកិច្ច” នៅខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ មន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ បានរៀបចំវគ្គសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា(ហូកា)អមដោយពិធីប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមជំនាញ “សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ការិយាល័យជួរមុខ និងគេហកិច្ច”ខេត្តបន្ទាយមានជ័យ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព លោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជេីញចូលរួមពី លោក ឈឿន សេរីវុធ ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ លោក ដន សុវ័ន្ត អ្នកសម្រសម្រួលកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការ Swisscontact ប្រចាំខេត្តបន្ទាយមានជ័យ និង ឧត្តរមានជ័យ ព្រមទាំងលោក លោកស្រី មន្ទីរអង្គភាពពាក់ព័ន្ធនានា ម្ចាស់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ និងសិក្ខាកាមជាច្រេីនរូប ។
លោក ឈឿន សេរីវុធ ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា មន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ ត្រីភាគីរវាង មន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ និងគណៈកម្មការគ្រប់គ្រងគម្រោងហូកា នៃក្រសួង ទេសចរណ៍ និងកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) នៃអង្គការ Swisscontact ក្នុងគម្រោងដំណាក់កាលទី២ នៃខេត្តគោលដៅចំនួន៥ គឺ ខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ មានរយៈពេល២ឆ្នាំ។ កិច្ចព្រមព្រៀងនេះ អនុវត្តការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា(ហូកា) លើមុខជំនាញចំនួន ៤មុខគឺ ១)-ជំនាញការិយា ល័យជួរមុខ ២)-ជំនាញគេហកិច្ច ៣)- ជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ៤)-ជំនាញឆុងកាហ្វេកម្រិតមូលដ្ឋាន ក្នុងគោលបំណងពង្រឹងប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អោយ កាន់តែមានប្រសិទ្ធភាព និងផ្តោតលើការអប់រំយុវជនដែលងាយរងគ្រោះ និងកម្មករ បុគ្គលិកដែលមាន កម្រិតជំនាញទាប អោយទទួលបាន ការងារសមរម្យ និងប្រាក់ចំណូលកើនឡើង។
លោក បានបន្តថា រមណីយដ្ឋានទេសចរណ៍ក្នុងខេត្តបន្ទាយមានជ័យ មានចំនួន ១៣ កន្លែង រមណីយដ្ឋានវប្បធម៌ប្រត្តិសាស្ត្រ មានចំនួន ០២កន្លែង រមណីយដ្ឋានធម្មជាតិប្រវត្តិសាស្ត្រ មានចំនួន ០៦ កន្លែង រមណីយដ្ឋានកែឆ្នៃនិងធម្មជាតិ មានចំនួន ០៤កន្លែង និងរមណីយដ្ឋានអេកូទេសចរណ៍ មានចំនួន ០១កន្លែង ។
លោក ដន សុវ័ន្ត អ្នកសម្រសម្រួលកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការ Swisscontact ប្រចាំខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ បានលើកឡើងថា សិក្ខាកាមដែលអាចចូលរួមវគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (ហូកា) នេះបាន គឺជាបុគ្គលិកដែលខ្វះជំនាញ និងកំពុងបម្រើការងារតាមសណ្ឋារគារ និងភោជនីដ្ឋាន មានអាយុចាប់ពី១៦ឆ្នាំឡើងទៅ ហើយមកពីគ្រួសារក្រីក្រ មានទីកន្លែងកំណើតនៅក្នុងខេត្ត ចេះអាន និងសរសេរភាសាខ្មែរ ហើុអាចសិក្សាដោយឥតគិតថ្លៃ។
លោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ បានថ្លែងថា សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីកម្មវិធីបណ្តុះបណ្តាល បដិសណ្ឋារកិច្ចកម្ពុជា(ហូកា) អមដោយពិធីប្រគល់ វិញ្ញាបនបត្រដល់សិក្ខាកាមជំនាញ “សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ការិយាល័យជួរមុខ និងគេហកិច្ច” មានសិក្ខាកាម ចំនួន ៦៣ នាក់ និងវិញ្ញាបនបត្រគ្រូបង្គោល ចំនួន៣០នាក់ នៅខេត្តបន្ទាយមានជ័យ នាឱកាសនេះគឺ មានសារៈសំខាន់ណាស់ ចំពោះយើងទាំងអស់គ្នា នឹងផ្តល់នូវ ចំណេះដឹងបន្ត ពិសេសដល់ អ្នកបម្រើការងារក្នុងអាជីវកម្មដ្ឋានទេសចរណ៍ទាំងអស់ដើម្បីសម្របខ្លួន ជាអ្នកបម្រើ ភ្ញៀវទេសចរបានល្អ ទាំងកាយវិការ ទឹកមុខ អាកប្បកិរិយា ពាក្យសម្តី សម្លៀកបំពាក់ សីលធម៌ និងសេវាដទៃទៀត ដែលទាក់ទងដោយផ្ទាល់ជាមួយភ្ញៀវ ។
យើងម្នាក់ៗក៏ត្រូវចងចាំជានិច្ចថា ទេសចរណ៍កម្ពុជា ជាទេសចរណ៍ “វប្បធម៌ និងធម្មជាតិ” មិនមែនជាទេសចរណ៍ផ្លូវភេទទេ ហើយយើងប្រឆាំងដាច់ខាត នូវការជួញដូរ និងកេងប្រវ័ញ្ចផ្លូវភេទលើស្ត្រី និងកុមារ ការជួញដូរគ្រឿងញៀន និងការជួញដូរមនុស្សតាមគ្រប់រូបភាពដែលទាក់ទងនឹងវិស័យទេសចរណ៍។ជាចុងបញ្ចប់ គណអធិបតីក៏បានចែកជូននូវវិញ្ញាបនប័ត្រ ដល់សិក្ខាកាមនិងគ្រូបង្គោលទាំងអស់ ព្រមទាំងថតរូបទុកជាអនុស្សាវរីយ៍ផងដែរ៕