កិច្ចប្រជុំពិភាក្សា ស្ដីពីការសាងសង់សំណង់រឹង នៅលើដីគរុភ័ណ វត្តសូរិយា ហៅវត្តថ្មី ក្នុងក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖យោងទៅតាមសង្ឃប្រកាសលេខ ០៩/១១ សនកជ ចុះថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០១១ របស់គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ស្ដីពីការបែងចែកភារកិច្ចមន្ត្រីសង្ឃខេត្ត រាជធានី ស្រុក ខណ្ឌ ក្រុងនិងវត្តឱ្យគណៈសង្ឃវត្ត មានសិទ្ធិសម្រេចគ្រប់គ្រាន់ក្នុងការគ្រប់គ្រងថែរក្សាការពារ ដីគរុភ័ណវត្តឱ្យបានគង់វង្ស ពុំអាចបុគ្គលណាផ្សេងមកអាកាត់លើដី គរុភ័ណបាននោះឡើយ ។នេះគឺជាសង្ឃដីកាលើកឡើងរបស់ព្រះឧត្តមសីលញ្ញាណ ធុល សុធា ព្រះមេគណខេត្តបន្ទាយមានជ័យ ក្នុងកិច្ចប្រជុំពិភាក្សា ស្ដីពីការសាងសង់សំណង់រឹងនៅលើដីគរុភ័ណ វត្តសូរិយា ហៅវត្តថ្មី ស្ថិតនៅក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កន្លងទៅថ្មីៗនេះ ក្នុងនោះមានសាលាបឋមសិក្សា ហ៊ុន សែន វត្តថ្មី ដែលស្ថិតនៅក្នុងដីគរុភ័ណវត្តដែលមានប្លង់ត្រឹមត្រូវ ក្រោមការគ្រប់គ្រងរបស់គណៈសង្ឃវត្ត។
ក្នុងកិច្ចប្រជុំពិភាក្សានេះផងដែរ ព្រះភិក្ខុ ព្រហ្មធម្មោ ជួង រដ្ឋា ព្រះគ្រូចៅអធិការវត្ត សូរិយារាម វត្តថ្មីនេះបានមានសង្ឃដីកាបញ្ជាក់ថា ពីដើមឡើយផ្ទៃដីវត្តគឺមានទំហំ ២៤,៨៣៦.២៧៧ ម៉ែត្រការ៉េ តែបច្ចុប្បន្នវត្តមានលិខិតកាន់កាប់ដី ចុះថ្ងៃទី១៤ ខែមិនា ឆ្នាំ២០០០ ឃើញមានទំហំផ្ទៃក្រឡា ២៣,៤៩៨ ម៉ែត្រការ៉េតែប៉ុណ្ណោះ ហើយក្នុងបរិវេណដីវត្តនេះ បច្ចុប្បន្នមានផ្លូវពុះកាត់ចំកណ្ដាលដីវត្ត ដែលជាផ្លូវគោលសម្រាប់ធ្វើចរាចរណ៍ឆ្លងកាត់។ ដោយពិនិត្យឃើញជាក់ស្ដែង ពីរកំណើនសិស្សកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំក្នុងតំបន់ក្រុងប៉ោយប៉ែតនេះ គណៈសង្ឃវត្តក៏បានអនុញ្ញាតឱ្យមានការសាងសង់នៅសាលាបឋមសិក្សាមួយកន្លែង ក្នុងបរិវេណដីវត្តនេះ ដោយមានសាលា ២ខ្នង និងអគាររដ្ឋបាល បណ្ណាល័យ និងទីស្នាក់ការ ១ខ្នង។ ហើយព្រះគ្រូចៅអធិការវត្ត ក៏មានចិត្តសប្បាយត្រេកអរ ដែលមានសាលារៀននៅទីនេះ និងជាកន្លែងផ្ដល់ចំណេះដឹង។ប៉ុន្តែក្នុងកិច្ចប្រជុំពិភាក្សាគ្នានាថ្ងៃនេះ គឺផ្ដោតសំខាន់ទៅលើការសាងសង់សាលាថ្មី ព្រោះដីទាបលិចទឹកពេលភ្លៀងម្ដងៗ ប៉ុន្តែបើយោងតាមច្បាប់ របស់គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាបានចែងថា សាលារៀនស្ថិតនៅក្នុងដីវត្ត គឺគ្មានសិទ្ធិសង់របងព័ទ្ធជុំវិញសាលានោះទេ ហើយការចាក់ដីគឺមិនត្រូវឱ្យខ្ពស់ជាងវត្តនោះដែរ។
គួរបញ្ជាក់ក្នុងកិច្ចពិភាក្សានេះផងដែរ អង្គប្រជុំទាំងមូលដែលមានអស់លោក លោកស្រី មានមន្ទីរធម្មការនិងសាសនាខេត្ត មន្ទីរអប់រំខេត្ត បានធ្វើការឯកភាពទាំងស្រុងរបស់សង្ឃដីការបស់ព្រះមេគណខេត្ត គឺធ្វើយ៉ាងណារក្សាសន្តិភាពឱ្យបាននិងគោរពច្បាប់ ហើយនាយកគណៈគ្រប់គ្រងសាលា មុននឹងធ្វើអ្វីត្រូវមានការពិគ្រោះយោបល់ សុំសេចក្ដីសម្រេចពីព្រះចៅអធិការវត្ត មិនមែនចង់សាងសង់អ្វី ស្រេចតែចិត្តនោះទេ។
ព្រះឧត្តមសីលញ្ញាណ ធុល សុធា មានសង្ឃដីកាបន្តថា តាំងពីដើមរៀងមកយើងសង្កេតឃើញ សាលារៀនច្រើននៅក្នុងវត្តឬក៏ជិតវត្តព្រោះថា ទាំងវត្តអារាម ទាំងសាលារៀន គឺជាកន្លែងបណ្ដុះបណ្ដាលធនធានមនុស្ស ក្រៅពីការសិក្សារៀនសូត្រនៅតាមវត្តអារាម គឺឮសំឡេងព្រះធម៌ រំលឹកដល់គុណព្រះពុទ្ធសាសនា ដែលជាដំបូន្មានជួយអប់រំកូនចៅ ឱ្យប្រតិបត្តិតែអំពើល្អ ចូលរួមចំណែកកសាងធនធានមនុស្សល្អដល់សង្គមជាតិ និងជួយជ្រួលជ្រាបពីអ្វីដែលល្អ និងអ្វីដែលអាក្រក់ វៀរចាកអំពើបាប អំពើឧបាយមុខផ្សេងៗ ស្គាល់គុណ ស្គាល់ទោស មានសុខសន្តិភាព ដូចគាថាលោកពោលថា នត្ថិ សន្តិ បរំ សុខំ ពុំមានសេចក្ដីសុខណាប្រសើរជាងសេចក្ដីស្ងប់ឡើយ។
ជាចុងបញ្ចប់នៃកិច្ចប្រជុំ ព្រះមន្ត្រីសង្ឃ ព្រះសង្ឃ អាជ្ញាធរ លោកគ្រូអ្នកគ្រូ បាននិមន្តអញ្ជើញ ពិនិត្យទីតាំងដែលត្រូវធ្វើនិងអភិវឌ្ឍន៍របស់សាលារៀននេះ៕