អាវុធហត្ថ បញ្ជូនខ្លួនជនសង្ស័យ៤នាក់ ទៅតុលាការ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
(បន្ទាយមានជ័យ )៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើប្រតិបត្តិការបង្រ្កាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចលើកំណាត់ផ្លូវជាតិលេខ៦A ស្ថិតក្នុងភូមិចក សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់៖ ១–ឈ្មោះ កេល ឈួន ហៅចែអយ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរមុខរបរលក់ដូរ បច្ចុប្បន្ននៅភូមិធ្នង់ខាងត្បូង ឃុំណាំតៅ ស្រុកភ្នំស្រុក (ជួញដូរ និងប្រើប្រាស់), ២–ឈ្មោះ ស៊ើន ផៃរត់ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ ទីលំនៅបច្ចុប្បន្នភូមិធ្នង់ខាងត្បូង ឃុំណាំតៅ ស្រុកភ្នំស្រុក (ប្រើប្រាស់), ៣–ឈ្មោះ ភួង ផលិត ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ ទីលំនៅបច្ចុប្បន្នភូមិពន្លៃ ឃុំភ្នំដី ស្រុកភ្នំស្រុក (ជួញដូរ និងប្រើប្រាស់), ៤–ឈ្មោះ ឡាយ សុថាត់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីឥណទាន ទីលំនៅបច្ចុប្បន្នភូមិពន្លៃត្បូង ឃុំភ្នំដី ស្រុកភ្នំស្រុក (ប្រើប្រាស់)។ ក្នុងប្រតិបត្តិការនោះកម្លាំងបានចាប់យកវត្ថុតាងរួមមាន៖ –គ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លា (ICE) ចំនួន០២ថង់កិប ទម្ងន់៨,៣០ក្រាម, –រថយន្ត ចំនួន០១គ្រឿង ម៉ាកNISSAN MACH ពណ៌ខៀវចាស់ ផលិតឆ្នាំ១៩៩៣ ពាក់ផ្លាកលេខ សៀមរាប 2A-2829 , –ម៉ូតូ ចំនួន០១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៤ ពាក់ផ្លាកលេខ ប.មានជ័យ 1AA-7740, –ទូរស័ព្ទចំនួន ០២គ្រឿង រួមនឹងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឱ្យដឹងថា មុនឈានដល់ការបង្រា្កបករណីខាងលើ កម្លាំងមូលដ្ឋានកងរាជាអាវុធហត្ថក្រុងបានតាមដានស្រាវជ្រាវមុខសញ្ញាចាស់ជាយូរមកហើយ រហូតដល់ចំណុចខាងលើ កម្លាំងយើងបានប្រទះឃើញជនសង្ស័យដែលជាមុខសញ្ញាជួញដូរគ្រឿងញៀន ឈ្មោះ កេល ឈួន ហៅ ចែអយ កម្លាំងក៏បានឃាត់សួរនាំ និងធ្វើការត្រួតពិនិត្យឆែកឆេរឃើញមានគ្រឿងញៀនមួយចំនួនលាក់ទុកក្នុងខ្លួន ហេីយកម្លាំងបានបន្តឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់៣នាក់បន្ថែមទៀត ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណដើម្បីចាត់ការតាមនីតិវិធី។ ក្រោយឃាត់ខ្លួននិងសួរចម្លេីយរួច ជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាបានជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូសារធាតុញៀនពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា បច្ចុប្បន្នជន សង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបញ្ជូនទៅតុលាការហើយ នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕