លោកជំទាវ បាន ស្រីមុំ អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ពិសារអាហារសាមគ្គី និងផ្តល់អំណោយមនុស្សធ៌ម ជូនដល់មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារនៅឃុំស្ទឹងត្រង់
(ប៉ៃលិន)៖ប្រជាពលរដ្ឋដែលរស់នៅខេត្តប៉ៃលិនតែងតែកោតសរសើរភាពសាមញ្ញ និងការចុះដល់ផ្ទះប្រជាពលរដ្ឋដោយផ្ទាល់រាល់សុខនិងទុក្ខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានគឺសុខទុក្ខរបស់លោកជំទាវ ហើយលោកតែងតែផ្តល់ភាពកក់ក្តៅជូនពលរដ្ឋគ្រប់ពេល។
ភាពស្និទ្ធស្នាលចេញពីបេះដូងដោយស្មោះរបស់លោកជំទាវអភិបាលខេត្តប៉ៃលិន សមជាម្តាយ និងជាអាណាព្យាបាលធ្វើអោយប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន មានភាពកក់ក្តៅបំផុតនេះជាថ្នាក់ដឹកនាំដែលពលរដ្ឋទូទាំងប្រទេសប្រាថ្នាចង់បាន។
ជាក់ស្តែងកាលពីរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤នេះលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ពិសារអាហារសាមគ្គី និងផ្តល់អំណោយមនុស្សធ៌ម ជូនដល់មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារទូទាំងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ជាមួយនិងការជួបសំណេះសំណាលនេះដែរលោកជំទាវ ក៏បានពាំនាំបណ្តាំផ្តាំផ្ញើពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ដែលជាប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចកាលសម្តេចតែងតែសួរសុខទុក្ខដល់ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់។
ជាមួយគ្នាលោកជំទាវអភិបាលខេត្ត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះបងប្អូនជាប្រជាការពារទាំងអស់ ដែលបានលះបង់នូវពេលវេលា កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ចូលរួមសហការជាមួយអាជ្ញាធរដែនដី ធ្វើឲ្យភូមិ–ឃុំរបស់យើងមានសន្តិសុខ សណ្តាប់ធ្នាប់ល្អ ជាភូមិ–ឃុំ ប្រកបដោយសុវត្ថិភាព ពិសេស គឺចូលរួមការពារសមិទ្ធផលនានា ដែលជាសម្បត្តិរួមរបស់យើង ឲ្យបានគង់វង់យូរអង្វែង ដើម្បីជាប្រយោជន៍របស់យើងទាំងអស់គ្នា និងកូនចៅជំនាន់ក្រោយ ។
សូមបញ្ជាក់ថា នៅក្នុងពិធីសំណេះសំណាលនាឱកាសនោះ លោកជំទាវអភិបាលខេត្តក៏បានឧបត្ថម្ភដល់មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ២៦៨នាក់ ដោយក្នុងម្នាក់ៗ ទទួលបានអង្ករ ៥០គីឡូក្រាម ត្រីខ ១យួ មីជាតិ ០១កេស និងថវិកាចំនួន ១០ម៉ឺនរៀលផងដែរ៕