កម្ពុជា-ថៃ បើកកិច្ចប្រជុំក្រុមលេខាគណៈកម្មាធិការព្រំដែន ថ្នាក់ភូមិភាគ ដើម្បីពិភាក្សាឯកភាពគ្នា ដាក់ជូនសហប្រធានគណៈកម្មាធិការព្រំដែន ថ្នាក់ភូមិភាគ កម្ពុជា-ថៃ លើកទី៣០ (RBC-30) ធ្វើការសម្រេច
(បន្ទាយមានជ័យ)៖ ឧត្តមសេនីយ៍ទោ សេង ធារិន មេញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ កម្ពុជា និងឧត្តមសេនីយ៍ត្រី សៈរ៉ាន់ រ៉តប៊ុនថាំ នាយសេនាធិការ កងទ័ពភូមិភាគទី១ នៃព្រះរាជាណាចក្រថៃឡង់ដ៏ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំក្រុមលេខាគណៈកម្មាធិការព្រំដែន ថ្នាក់ភូមិភាគ រវាងយោធភូមិភាគទី៥ កម្ពុជា ជាមួយនឹងកងទ័ពភូមិភាគទី១ ថៃ ដើម្បីពិភាក្សាឯកភាពគ្នា ដាក់ជូនសហប្រធានគណៈកម្មាធិការព្រំដែន ថ្នាក់ភូមិភាគ កម្ពុជា–ថៃ លើកទី៣០ (RBC-30) ធ្វើការសម្រេច ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការ លើវិស័យយោធា សន្តិសុខ និងវិស័យផ្សេងៗទៀត។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើង នៅសាលប្រជុំ សណ្ឋាគារ Krungsri River ខេត្តព្រះនគរស្រីអយុធ្យាដោយបានការចូលរួមពីលោកអភិបាលរងខេត្ត នាយក នាយករដ្ឋបាល ថ្នាក់ដឹកនាំមន្ទីរអង្គភាព ដែលមានការពាក់ព័ន្ធ ខេត្តជាប់ព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃឡង់ដ៏ រួមមាន៖ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ។
សម្រាប់កិច្ចប្រជុំក្រុមលេខាគណៈកម្មាធិការព្រំដែន ថ្នាក់ភូមិភាគ កម្ពុជា–ថៃនេះ គឺដើម្បីពិភាក្សាលើកកម្ពស់វិស័យសន្តិសុខ នៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា–ថៃ ឱ្យមានការឯកភាពគ្នា លើខ្លឹមសារកំណត់ហេតុរួម ក្នុងការកែសម្រួល ការអភិវឌ្ឍលើវិស័យផ្សេងៗ នឹងការរិតចំណងសម្ព័ន្ធមេត្រីភាព រវាងស្ថាប័នកងទ័ព ស្ថាប័នស៊ីវិល នៅតាមបន្ទាត់ព្រំដែន នៃប្រទេសទាំងពីរ ឱ្យមានភាពរីកចម្រើនលើគ្រប់វិស័យ ដែលជាគុណប្រយោជន៍ សម្រាប់ប្រជាជនរស់នៅតាមបន្ទាត់ព្រំដែន កម្ពុជា–ថៃ ក្នុងភូមិសាស្រ្តទទួលខុសត្រូវ រវាងយោធភូមិភាគទី៥ ជាមួយនឹងកងទ័ពភូមិភាគទី១ ថៃ។
ជាមួយគ្នានោះ កិច្ចប្រជុំនេះ គឺសម្រាប់ដាក់ជូន សហប្រធានគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា–ថៃ លើកទី៣០ (RBC-30) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ខែមិថុនា ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីសម្រេច ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ឧត្តមសេនីយ៍ទោ ឈិតសៈនុផុង រ៉តស៊ីរិ មេបញ្ជាការកងទ័ពភូមិភាគទី១ នៃព្រះរាជាណាចក្រថៃឡង់ដ៏ នៅសាលប្រជុំសណ្ឋាគារ Krungsri River ខេត្តព្រះនគរស្រីអយុធ្យា ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការ លើវិស័យយោធា សន្តិសុខ និងវិស័យផ្សេងៗទៀត ឱ្យកាន់តែល្អទ្វេឡើង ព្រមទាំងដោះស្រាយនូវរាល់បញ្ហា តាមតំបន់ព្រំដែនរួមគ្នាឱ្យបានឆាប់រហ័ស ព្រមទាំងជំរុញគោលនយោបាយ ការដោះស្រាយបញ្ហាតាមព្រំដែន ឆ្ពោះទៅរកប្រក្រតីភាពប្រសើរឡើង ដោយត្រូវរៀបចំកម្មវិធីប្រជុំប្តូរវេនគ្នា ក្នុង១ឆ្នាំម្តង ធ្វើជាម្ចាស់ផ្ទះ៕