ជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីលួច និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវអាវុធហត្ថចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ
(បន្ទាយមានជ័យ )៖យោងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ជិញ រដ្ឋា ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ថានៅវេលាម៉ោង១៩និង៤០នាទី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ មានចោលួចសម្ភារៈគ្រឿងចម្លាក់ថ្ម នៅចំណុចភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ។ បន្ទាប់ពីទទួលបានបណ្តឹងរបស់ជនរងគ្រោះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះ ដឹកនាំដោយលោកវរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះទៅដល់ទីតាំងកើតហេតុខាងលើ និងធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង២០និង២០នាទី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ទើបឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ ១–ឈ្មោះថា វុទ្ធា ភេទប្រុស អាយុ៣៤ឆ្នាំ,២–ឈ្មោះរឿន សីហា ភេទប្រុស អាយុ២៧ឆ្នាំ ជនសង្ស័យទាំង២នាក់ បច្ចុប្បន្នរស់នៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ព្រមទាំងចាប់យកវត្ថុតាងរួមមាន៖ ១.ម៉ូទ័រកាត់ថ្ម ចំនួន ០១ គ្រឿង, ២.ខ្សែភ្លើងប្រវែង២៤ម៉ែត្រ ចំនួន ០១ ដុំ, ៣.អំពូលហ្វា ចំនួន ០១គ្រឿង។ បន្ទាប់មកកម្លាំងបាននាំខ្លួនមកកាន់មូលដ្ឋានកងរាជអាវុធហត្ថស្រុក ដើម្បីសួរនាំតាមនីតិវិធី និងបានធ្វើតេស្តទឹកនោមរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន(+)។
លោកវរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យទាំង២នាក់បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានលួចសម្ភារៈគ្រឿងចម្លាក់ថ្មរបស់ជនរងគ្រោះពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក កសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយ នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកសម្ភារៈជាវត្ថុតាងបានប្រគល់ជូនជនរងគ្រោះវិញហេីយដែរ៕