លោកបណ្ឌិត ទូច វណ្ណៈ និងលោក វូ ហាក់ អញ្ជើញបើកវគ្គសិក្ខាសាលា ក្រោមការឧបត្ថម្ភពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ស្តីពី”របៀបសរសេរព័ត៌មាន របៀបកាន់កម្មវិធី និងរបៀបថតរូប” នៅខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ នេះ លោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងលោក វូ ហាក់ អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ជាតំណាងឯកឧត្តម អ៊ូ វណ្ណា ប្រធានក្រុមប្រឹក្សាភិបាលសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានអញ្ជើញបើកវគ្គសិក្ខាសាលាស្តីពី “របៀបសរសេរព័ត៌មាន របៀបកាន់កម្មវិធី និងរបៀបថតរូប” ដោយឥតគិតថ្លៃ ដល់សិក្ខាកាម ចំនួន ៥០០នាក់ នៅសាកលវិទ្យាល័យជាតិមានជ័យ ក្នុងខេត្តបន្ទាយមានជ័យ។
ថ្លែងក្នុងពិធីបើកសិក្ខាសាលានាឱកាសនោះ លោកបណ្ឌិត ទូច វណ្ណៈ បានគូសបញ្ជាក់ថ វគ្គសិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងចែករំលែកនូវចំណេះដឹង និងបទពិសោធទៅលើរបៀបសរសេរព័ត៌មាន ផ្សព្វផ្សាយតាមបណ្តាញសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយសង្គម និងតាមរូបភាពផ្សេងៗ ឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត និងក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងច្បាប់ស្តីពីរបបសារព័ត៌មាននៅកម្ពុជា ដែលធ្វើបទបង្ហាញដោយលោក ប៊ិន ប៊ុណ្ណា អគ្គនាយកសារព័ត៌មានត្រយង និងលោក សំ នឿន អគ្គនាយករងសារព័ត៌មានត្រយង។
លោកបណ្ឌិតប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានគូសបញ្ជាក់ទៀតថា សិក្ខាសាលានេះ ក៏នឹងចែករំលែកនូវចំណេះដឹង និងបទពិសោធអំពីរបៀបកាន់កម្មវិធី (MC) និងសិល្បៈអត្ថាធិប្បាយបញ្ជ្រាសការប្តឹងផ្តល់ ព្រមទាំងរបៀបរាយការណ៍ព័ត៌មាន ដែលធ្វើបទបង្ហាញដោយលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
លោកបណ្ឌិត ទូច វណ្ណៈ បានបន្តទៀតថា ចំពោះប្រធានបទស្តីពីរបៀបថតរូប នឹងធ្វើការចែករំលែកនូវចំណេះដឹង និងបទពិសោធទៅលើការកំណត់ប្លង់ថតឱ្យត្រូវទៅតាមកម្មវិធី បច្ចេកថតមុខគណៈអធិបតីឡើងថ្លែង ប្រគល់លិខិត ប្រគល់អំណោយ បំពាក់មេដាយ និងប្លង់ថតទៅតាមរបៀបវារៈនីមួយៗនៃកម្មវិធីទាំងមូល ដែលប្រធានបទនេះ ធ្វើបទបង្ហាញដោយលោកបណ្ឌិតផ្ទាល់តែម្តង។
សូមបញ្ជាក់ថា សិក្ខាសាលាស្តីពីរបៀបសរសេរព័ត៌មាន របៀបកាន់កម្មវិធី និងរបៀបថតរូប ក្រោមការឧបត្ថម្ភរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ សហការរៀបចំដោយសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ សាកលវិទ្យាល័យជាតិមានជ័យ ស.ស.យ.ក. ខេត្តបន្ទាយមានជ័យ អង្គភាពសារព័ត៌មានត្រយង និងក្រុមការងារអភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យ មានរយៈពេល ១ថ្ងៃពេញ៕