លោកជំទាវ បាន ស្រីមុំ ជំរុញដល់ប្រធានបក្សភូមិ អនុបក្សភូមិ និងសមាជិកបក្សប្រជាជនឃុំ-សង្កាត់ ត្រូវខិតខំបំពេញភារកិច្ចបំរើ ប្រជាពលរដ្ឋឲ្យបានល្អ
(ប៉ៃលិន)៖នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយប្រធានបក្សភូមិ អនុបក្សភូមិ និងសមាជិកបក្សភូមិ ក្នុងខេត្តប៉ៃលិន។
ក្នុងពិធីសំណេះសំណាលនេះដែរលោកជំទាវ បាន ស្រីមុំ ក្នុងនាមគណ:អធិបតី បានពាំនាំនូវប្រសាសន៍ សាកសួរសុខទុក្ខ ពីសំណាក់សម្តេចទាំងពីរ គឺសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រោមការដឹកនាំរបស់សម្តេចតេជោប្រទេសជាតិមានសុខសន្តិភាពពេញលេញដូចសព្វថ្ងៃ សម្តេចបានលះបង់ ដោយយកអាយុជីវិតជាដើមទុន ដើម្បីឯកភាពប្រទេសជាតិ ក្រោមនយោបាយឈ្នះៗរបស់សម្តេច។
លោកជំទាវ បាន ស្រីមុំ ក៏បានលើកទឹកចិត្តឲ្យតួអង្គគណបក្សនៅតាមមូលដ្ឋាន ដែលកាន់មុខតំណែងនានា បន្តការខិតខំធ្វើអំពើល្អ ជាមួយប្រជាពលរដ្ឋ ដើម្បីរួមចំណែកប្រមូលកម្លាំងគាំទ្រជូនគណបក្ស។ ភ្ជាប់នឹងការងារនេះ លោកជំទាវ ក៏បានជំរុញឲ្យខិតខំបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ ពិសេសក្រុមប្រឹក្សា ឃុំ–សង្កាត់ ស្មៀនឃុំសង្កាត់ ប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ និងមេភូមិ។
ជាចុងក្រោយលោកជំទាវប្រធានគណបក្សខេត្ត ក៍បានថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំ និងសមាជិក–សមាជិការ គណបក្សគ្រប់ជាន់ថ្នាក់ និងគ្រប់ផ្នែកដែល បានខិតខំជំរុញការបំពេញភារកិច្ចបំរើជាតិ និងប្រជាជននៅតាមមូលដ្ឋាន ព្រមទាំងការបំពេញភារកិច្ចសំខាន់ៗជាច្រើនទៀតជូនគណបក្ស ក្នុងដំណើរឈានឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សា ឃុំ–សង្កាត់ អាណត្តិទី៥ ដែល នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខផងដែរ៕