បុរសម្នាក់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត និងប្រើប្រាស់សារធាតុញៀន ត្រូវអាវុធហត្ថ ចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ
(បន្ទាយមានជ័យ )៖បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីឈ្មោះ ភួង ផាពិញ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិព្រះអង្គ សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ បានប្តឹងចោទប្រកាន់ទៅលើឈ្មោះ បិន ធានអ៊ី ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្ត ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង០៩និង៣០នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណនោះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះទៅដល់ទីកន្លែងកើតហេតុ ធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាជនសង្ស័យ ឈានដល់ការឃាត់ខ្លននៅវេលាម៉ោង១២ និង៣០នាទីថ្ងៃទី០៤ ខែសីហា នៅចំណុចបន្ទប់ជួលភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ រួមទាំងដកហូតវត្ថុតាង ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម C១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ គ្មានផ្លាកលេខ ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដើម្បីធ្វើការសួរនាំ ហើយបានធ្វើតេស្តទឹកនោមរកសារធាតុញៀន ជាលទ្ធផលវិជ្ជមាន (+)។
លោកវរសេនីយ៍ត្រី សុខ ឡេង បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកម៉ូតូរបស់ជនរងគ្រោះទៅប្តូរគ្រឿង ដេីម្បីកុំឱ្យជនរងគ្រោះដឹងថា ជាម៉ូតូរបស់ខ្លួន ហើយទុកជិះខ្លួនឯងពិតប្រាកដមែន។ ជនសង្ស័យបញ្ជាក់ទៀតថា កាលពីខែមីនា ឆ្នាំ២០២១ រូបគេធ្លាប់ជាប់ពន្ធនាគារខេត្តបន្ទាយមានជ័យ រយៈពេល០១ឆ្នាំ និង០៦ខែ ពីបទ៖ ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន ហើយនៅខែកញ្ញា ឆ្នាំ២០២២ បានចេញពីពន្ធនាគារវិញ ហើយនៅបន្តប្រើប្រាស់គ្រឿងញៀនរហូតមកទល់បច្ចុប្បន្ននេះ។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តហើយនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកម៉ូតូត្រូវបានប្រគល់ជូនម្ចាស់ដេីមវិញហេីយដែរ៕