សាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ ចែកជូនដល់គ្រួសារក្រីក្រ រងគ្រោះ ៤៩គ្រួសារ នៅក្នុងស្រុកស្វាយចេក
(បន្ទាយមានជ័យ)៖នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ សាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ ដឹកនាំដោយ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងលោកជំទាវ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកនូវសម្ភារៈ អំណោយមនុស្សធម៌ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋទីទាល់ក្រ ជនរងគ្រោះចំនួន ៤៩គ្រួសារ នៅក្នុងស្រុកស្វាយចេក។
ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា រាល់អំណោយ បានចូលមកផ្តល់ជូនបងប្អូននៅថ្ងៃនេះ គឺបានមកពីការចូលរួមបរិច្ចាគសម្ភារៈថវិកាពីសំណាក់ព្រះសង្ឃ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី សប្បុរសជនក្នុងឱកាសប្រារព្ធ មេទ្ទិញអបអរខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម៨ឧសភា ក្រោមប្រធានបទរួមគ្នាជាមួយកាកបាទក្រហម ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់ នឹងអាកាសធាតុ ហើយប្រភពចំណូល សាខាកាកបាទក្រហមទទួលបានគឺយកទៅផ្តល់ជូនឲ្យចំគោលដៅ ដូចជាបងប្អូនប្រជាពលរដ្ឋក្រីក្រ ជនងាយរងគ្រោះជនគ្មានទីពឹង និងជនរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗទៀត។ ហើយការផ្តល់អំណោយមនុស្សធម៌នេះទៀតសោត កាកបាទក្រហមគឺប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧ចំណុច សំខាន់ៗ រួមមាន ភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រិតភាព ឯករាជភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាពនិងសកលភាពសំខាន់គឺការផ្តល់អំណោយ ជាទូទៅភាពមិនបែងចែករររើសអើងសញ្ជាតិដូចពូជសាសន៍ ជំនឿសាសនា វណ្ណៈឬទស្សនៈនយោបាយឡើយ។
ឯកឧត្តម អ៊ុំ រាត្រី បន្តថា ជាការពិតណាស់កាកបាទក្រហមកម្ពុជា ទាំងថ្នាក់កណ្តាល ថ្នាក់សាខា និងអនុសាខាត្រូវពឹងផ្អែកទាំងស្រុង ទៅលើការចូលរួមគាំទ្រ និងផ្តល់មូលនិធិសប្បុរសជន គ្រប់មជ្ឈដ្ឋាន បន្តជួយគាំទ្រដល់កាកបាទក្រហម ប្រកបដោយទឹកចិត្ត សទ្ធាជ្រះថ្លាក្នុងស្មារតីនៃការចែករំលែក មនុស្សធម៌ និងសេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិ។
នាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី បានធ្វើការផ្ដាំផ្ញើដល់បងប្អូនទាំងអស់រួមទាំង ៤៩គ្រួសារ ធ្វើការខិតខំបំពេញបន្ថែម នៃការទទួលទាន និងការដាំដុះបន្លែបង្ការសម្រាប់ជួយ ទ្រទ្រង់ ជីវភាពរបស់បងប្អូន ហើយសូមកុំរំពឹងថាអំណោយបន្តិចដូចនេះបានយូរអង្វែង។ សូមបញ្ជាក់ថា អំណោយមនុស្សធម៌ ដែកផ្តល់ជូននៅថ្ងៃនេះក្នុង១គ្រួសារ ទទួលបានអង្ករ២៥គីឡូក្រាម ត្រីខ១យួរ ទឹកត្រី១យួរ មុង ភួយ សារុង ក្រមា និងឃីត ១កញ្ចប់ដែលបានមកពីព្រះសង្ឃនិងថវិកាមួយចំនួនផងដែរ៕