ពលរដ្ឋកំពុងរង់ចាំមើលចំណាត់ការរបស់អាជ្ញាធរក្រុងប៉ោយប៉ែត ទៅលើបុគ្គល សេង សាវឿន សាងសង់សំណង់រំលោភលើចំណីផ្លូវសាធារណៈរហូតបានសម្រេច
(បន្ទាយមានជ័យ)៖ទោះបីអាជ្ញាធរភូមិ សង្កាត់និងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែត ចុះហាមឃាត់ នឹងធ្វើកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាពការសាងសង់សំណង់រំលោភលើដីចំណីផ្លូវសាធារណៈត្រង់ចំណុចខាងមុខបញ្ឆិតខាងត្បូងសាលាពីរជាន់ ស្ថិតនៅភូមិបាលិលេយ្យ ១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យខាងមុខជាប់របងភូមិគ្រឹះឈ្មោះថា ណា ឡុង យ៉ាងណាក្តី តែបុគ្គលឈ្មោះ សេង សាវឿន ដោយគេដឹងថា ជាម្ចាស់សំណង់នៅតែរឹងទទឹងសាងសង់រហូតមកដល់ពេលនេះថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤នេះរួចរាល់ជាស្ថាពរ ដោយដាក់ស្លាកយេហោឈ្មោះថា អេស ខេ (SK)លក់សំលៀកបំពាក់ថែមទៀតផង។
ករណីនេះត្រូវបានពលរដ្ឋលើកឡើងថា មិនដឹងជាបុគ្គលនេះមានអំណាចប៉ុណ្ាទេ ហ៊ានសាងសង់ដោយរលូនរួចជាស្ថាពរបែបនេះ ទោះបីជាអាជ្ញាធរចុះហាមឃាត់ និងបានដឹងហើយថា រយៈការកន្លងមកអាជ្ញាធរចម្រុះថ្នាក់ខេត្ត ក្រុង សង្កាត់ និងមានព្រះរាជអាជ្ញារងផងដែរចុះកាត់សំយាបទូទាំងក្រុងប៉ោយប៉ែត បង្កភ្ញាក់ផ្អើលយ៉ាងភ្លូកទឹកភ្លូកដី រហូតថ្មីៗនេះមានអភិបាលរងខេត្តមួយរូបបានសាងសង់រំលោភលើចំណីផ្លូវសាធារណៈ សាងសង់រហូតបានជាងពាក់កណ្ដាលទៅហើយ ក៏មានការរិះគន់ពីបណ្ដាញសង្គម និងសារព័ត៌មាន ក៏បានរួសរើចេញអស់ តែបែបបុគ្គលឈ្មោះ សេង សាវឿន ហ៊ានធ្វើដោយរលូនមិនរំខានដល់សមត្ថកិច្ចដាក់តាំងលក់សំលៀកបំពាក់លក់យ៉ាងរំភើយទៅវិញ។
ទាំងនេះហើយធ្វើឲ្យពលរដ្ឋមានការងឿងឆ្ងល់ថា តើបុគ្គលដែលធ្វើជាគំរូអាក្រក់ដល់ពលរដ្ឋក្នុងសង្គមខាងលើនេះ មានអំណាចធំជាងអភិបាលរង ខេត្តទៀតរឺ បានជាហ៊ានធ្វើរហូតបានសម្រេចមិនរំខានដល់អាជ្ញាធរក្រុងបែបនេះ។
ពាក់ព័ន្ធករណីខាងលើនេះពលរដ្ឋលើកឡើងស្រដៀងៗគ្នាថា ការអនុវត្តច្បាប់មិនស្មើភាពគ្នាទាល់តែសោះ ពលរដ្ឋស្លូតត្រង់អនុវត្តតាមការណែនាំរបស់អាជ្ញាធរនិងច្បាប់ តែអ្នកមានលុយមានអំណាចធ្វើបានតាមចិត្ត ជាក់ស្ដែងដូចករណីខាងលើនេះអញ្ចឹង។ដូច្នេះដើម្បីបញ្ចៀសការរិះគន់ ពលរដ្ឋស្នើសុំឱ្យអាជ្ញាធរក្រុង ខេត្ត មានវិធានការចំពោះទីតាំងខាងលើ ពិសេសបុគ្គលឈ្មោះ សេង សាវឿន ដោយគេដឹងថាជាម្ចាស់សំណង់នេះផងទាន ដើម្បីជាគំរូដល់ពលរដ្ឋផ្សេងទៀត៕