ព័ត៌មានជាតិ

វគ្គបណ្ដុះបណ្ដាល​ពង្រឹងសុវត្ថិភា​ពមន្ត្រីគ​ណៈកម្មាធិការប្រយុទ្ធ​ប្រឆាំងអំពើជួញដូរមនុស្ស​ខេត្តបន្ទាយមាន​ជ័យ ស្ដីពីរចនា​សម្ព័ន្ធ របៀបរបបការងារ និងទម្រង់កា​រធ្វើរបាយការណ៍

(បន្ទាយមានជ័យ) នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ អគ្គលេខាធិការដ្ឋាន គ...ជ សហការជា​មួយរដ្ឋបា​លខេត្តបន្ទាយមានជ័យ បានរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាល​ពង្រឹងសមត្ថភាព​មន្ត្រីគណៈកម្មាធិកា​រប្រយុទ្ធប្រឆាំងអំពើជួញដូរម​នុស្សខេត្ត ស្ដីពីរចនាសម្ព័ន្ធ របៀបរបបការងារ និងទម្រង់​ការធ្វើរបាយការណ៍ នៅសាលប្រជុំសាលាខេត្ត ក្រោមអ​ធិបតីភាពលោកជំទាវ ឧត្តមសេ​នីយ៍ឯក ប៉ុណ្ណ សំខា​ន់ អគ្គលេ​ខាធិ​ការ លោកស្រី រស់​ សុផានី អភិបាលរងខេត្ត ។

នាឱកាសនោះលោកស្រី អភិបាលរងខេត្ត បានជម្រាបជូនអំពី​ស្ថានភាពភូមិសា​ស្ត្រខេត្តបន្ទាយ​មានជ័យ ក៏ដូចសមិទ្ធផលដែ​លរដ្ឋបាល​ខេត្តខិតខំយកចិត្តទុកដាក់ ពុះពារការងារ​នានាជាច្រើនប្រក​បដោយទទួល​ខុសត្រូវខ្ពស់ ពិសេសការថែ​រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ដោយមានការចូល​រួមពីគ្រប់តួអង្គ​ពាក់ព័ន្ធ ក្នុងការជំរុញអនុវត្តជាប្រចាំ​នូវគោលនយោបាយភូមិ ឃុំ/សង្កាត់មានសុវត្ថិ​ភាពទាំង ៧ចំណុច ជាពិសេសការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ការបង្ក្រាបល្បែងស៊ីស​ងគ្រប់ប្រភេទ ការជួញដូរមនុស្សគ្រប់ទម្រង់ ការធ្វើអធិការកិច្ចអត្តពលកម្មបរទេស បទល្មើសសេដ្ឋ​កិច្ចនិងបទល្មើសផ្សេងៗទៀត។ល។

ជាមួយគ្នានោះដែរលោកជំទាវ ឧត្តមសេនីយ៍ឯក អគ្គលេ​ខាធិការ បានសម្ដែងការកោ​តសរសើរចំ​ពោះរដ្ឋបា​លខេត្តបន្ទាយមានជ័យ ដែលបានខិតខំយកចិត្តទុកដា​ក់បម្រើផ​លប្រយោជន៍ជូនប្រ​ជាពលរដ្ឋ ។លោកជំទាវឧត្តមសេនីយ៍ឯក បានបញ្ជា​ក់ថា គណៈកម្មាធិការជាតិថ្នាក់ជាតិ បើកវគ្គប​ណ្ដុះ​បណ្ដាលនាពេលនេះ គឺដើម្បីបំពេញបន្ថែមនូវកន្លែងដែលខ្វះខាត ហើយក៏ដើម្បីឱ្យផែន​ការជាតិ​២០២៤២០២៨ អាច​សម្រេចបា​ននោះ ត្រូវទាមទារឲ្យគ្រប់ភាគីពាក់​ព័ន្ធទាំងអស់យល់​ដឹងអំពីតួនាទី​ភារ​កិច្ចពិសេសអនុវត្តតាម​ជំនាញ តាមវិស័យរបស់ខ្លួនឱ្យមានគុណភាព និងប្រសិទ្ធភាពខ្ពស់​ឈានដល់ការលុបបំ​បាត់និងប្រឆាំងនូវអំពើ​ជួញដូរមនុស្សនៅកម្ពុជា។

លោកជំទាវឧត្តមសេនីយ៍ឯក បានបញ្ជាក់ទៀតថា សមាជិករបស់អគ្គលេខាធិការដ្ឋាន ត្រូវអនុវត្តតា​ម​ការងា​រដែលមានចែងនៅក្នុង​សេចក្តីសម្រេច​ដើម្បីណែនាំបន្ថែ​មជំនាញធ្វើរបា​យការណ៍ឲ្យបាន​ត្រឹមត្រូវ និងមានទិន្នន័យឲ្យគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា ។ដូច្នេះអគ្គលេខាធិការដ្ឋាន គណៈកម្មាធិ​ការជាតិ ប្រឆាំងអំពើជួញមនុស្ស ក៏បានរៀប​ចំវគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទីភារកិច្ច របៀបរប​បការងារក្នុងរចនាសម្ព័ន្ធ អគ្គលេខាធិការដ្ឋាន គ...ជ ដើម្បីឲ្យសមាជិកសមាជិកា​បានយល់ពីតួនាទីភារ​កិច្ចនិងរចនាសម្ព័ន្ធការងារប្រឆាំងការជួញដូរមនុស្សថ្នាក់ក្រោមជាតិ ជាក់​ស្ដែងក​ន្លងមកនេះ​ខេត្តបន្ទាយមានជ័យយើងធ្វើបានច្រើនដោយសារជាខេត្តមួយឆ្លងកាត់ផង និងប្រជាជនយើងចំណាកស្រុកក៏ច្រើនដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button