វគ្គបណ្ដុះបណ្ដាលពង្រឹងសុវត្ថិភាពមន្ត្រីគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តបន្ទាយមានជ័យ ស្ដីពីរចនាសម្ព័ន្ធ របៀបរបបការងារ និងទម្រង់ការធ្វើរបាយការណ៍
(បន្ទាយមានជ័យ) នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ សហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្ត្រីគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត ស្ដីពីរចនាសម្ព័ន្ធ របៀបរបបការងារ និងទម្រង់ការធ្វើរបាយការណ៍ នៅសាលប្រជុំសាលាខេត្ត ក្រោមអធិបតីភាពលោកជំទាវ ឧត្តមសេនីយ៍ឯក ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ លោកស្រី រស់ សុផានី អភិបាលរងខេត្ត ។
នាឱកាសនោះលោកស្រី អភិបាលរងខេត្ត បានជម្រាបជូនអំពីស្ថានភាពភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ក៏ដូចសមិទ្ធផលដែលរដ្ឋបាលខេត្តខិតខំយកចិត្តទុកដាក់ ពុះពារការងារនានាជាច្រើនប្រកបដោយទទួលខុសត្រូវខ្ពស់ ពិសេសការថែរក្សាសន្តិសុ សណ្ដាប់ធ្នាប់សង្គម ដោយមានការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធ ក្នុងការជំរុញអនុវត្តជាប្រចាំនូវគោលនយោបាយភូមិ ឃុំ/សង្កាត់មានសុវត្ថិភាពទាំង ៧ចំណុច ជាពិសេសការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ការជួញដូរមនុស្សគ្រប់ទម្រង់ ការធ្វើអធិការកិច្ចអត្តពលកម្មបរទេស បទល្មើសសេដ្ឋកិច្ចនិងបទល្មើសផ្សេងៗទៀត។ល។
ជាមួយគ្នានោះដែរលោកជំទាវ ឧត្តមសេនីយ៍ឯក អគ្គលេខាធិការ បានសម្ដែងការកោតសរសើរចំពោះរដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលបានខិតខំយកចិត្តទុកដាក់បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ ។លោកជំទាវឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា គណៈកម្មាធិការជាតិថ្នាក់ជាតិ បើកវគ្គបណ្ដុះបណ្ដាលនាពេលនេះ គឺដើម្បីបំពេញបន្ថែមនូវកន្លែងដែលខ្វះខាត ហើយក៏ដើម្បីឱ្យផែនការជាតិ២០២៤–២០២៨ អាចសម្រេចបាននោះ ត្រូវទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់យល់ដឹងអំពីតួនាទីភារកិច្ចពិសេសអនុវត្តតាមជំនាញ តាមវិស័យរបស់ខ្លួនឱ្យមានគុណភាព និងប្រសិទ្ធភាពខ្ពស់ឈានដល់ការលុបបំបាត់និងប្រឆាំងនូវអំពើជួញដូរមនុស្សនៅកម្ពុជា។
លោកជំទាវឧត្តមសេនីយ៍ឯក បានបញ្ជាក់ទៀតថា សមាជិករបស់អគ្គលេខាធិការដ្ឋាន ត្រូវអនុវត្តតាមការងារដែលមានចែងនៅក្នុងសេចក្តីសម្រេចដើម្បីណែនាំបន្ថែមជំនាញធ្វើរបាយការណ៍ឲ្យបានត្រឹមត្រូវ និងមានទិន្នន័យឲ្យគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា ។ដូច្នេះអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិ ប្រឆាំងអំពើជួញមនុស្ស ក៏បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទីភារកិច្ច របៀបរបបការងារក្នុងរចនាសម្ព័ន្ធ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ដើម្បីឲ្យសមាជិកសមាជិកាបានយល់ពីតួនាទីភារកិច្ចនិងរចនាសម្ព័ន្ធការងារប្រឆាំងការជួញដូរមនុស្សថ្នាក់ក្រោមជាតិ ជាក់ស្ដែងកន្លងមកនេះខេត្តបន្ទាយមានជ័យយើងធ្វើបានច្រើនដោយសារជាខេត្តមួយឆ្លងកាត់ផង និងប្រជាជនយើងចំណាកស្រុកក៏ច្រើនដែរ៕