ទិវាពិភពលោក នៃការសង្រ្គោះបឋម ក្រោមប្រធានបទ “សង្រ្គោះបឋម និង កីឡា”
(បន្ទាយមានជ័យ)៖ការលេងកីឡានាំមកនូវសុខភាពល្អ ក៏ប៉ុន្តែអាចប្រឈមនឹងហានិភ័យផ្សេងៗ ចំពោះកីឡាបាល់ទាត់ រួមមានការបាក់ឆ្អឹងដៃជើង បាក់ភ្លៅ ដោយការប៉ះទង្គិច។ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ មានប្រសាសន៍បែបនេះក្នុងទិវាពិភពលោក នៃការសង្គ្រោះបឋម ក្រោមប្រធានបទសង្គ្រោះបឋមនិងកីឡា ដែលរៀបចំឡើងនៅបរិវេណ នៃតារាងបាល់ទាត់ នៃវិទ្យាល័យសម្ដេចឪ ស្ថិតនៅក្នុងក្រុងសិរីសោភ័ណ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ។
លោក ធូ សុីភ័ណ្ឌ ដែលជានាយកប្រតិត្តិសាខាកាកបាទក្រហមខេត្ត បានបញ្ជាក់ថា ការប្រារព្ធទិវាពិភពលោក វិជ្ជាសង្គ្រោះបឋម ឆ្នាំ២០២៤នេះ ក្នុងគោលបំណងផ្សព្វផ្សាយឲ្យមានការយល់ដឹងពីវិធីជួយសង្គ្រោះដល់ជនរងគ្រោះពិសេសប្អូនៗ ដែលកំពុងលេងកីឡាបាល់ទាត់ នៅក្នុងសហគមន៍ប្រកបដោយសុវត្ថិភាព និងឲ្យបានត្រឹមត្រូវតាមបច្ចេកទេស សម្រាប់កាត់បន្ថយអត្រាគ្រោះថ្នាក់ មុនពេលគ្រូពេទ្យមកជួយសង្គ្រោះ ឬមុនពេលបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ។
ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា ការប្រារព្ធទិវាពិភពលោកសង្គ្រោះបឋមនេះ ក្នុងគោលបំណង ដើម្បីទទួលបាននូវចំណេះដឹង និងការគាំទ្រការថែទាំពីអ្នកសង្គ្រោះបឋម ឲ្យកាន់តែប្រសើរឡើង សម្រាប់ជនគ្រប់រូប ដើម្បី ការយកចិត្តទុកដាក់លើកកម្ពស់ជីវភាពរស់នៅធានាបាននូវការសង្គ្រោះបឋម គឺជាធនធានមួយចូលរួមពង្រីកនូវចំណេះដឹងឲ្យបានទូលំទូលាយលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋឈានទៅសម្រេចបានស្របតាមយុទ្ធសាស្ត្រកាកបាទក្រហមកម្ពុជា ២០២១ ,២០៣០ ក្នុងមួយគ្រួសារត្រូវមានអ្នកចេះវិធីសង្គ្រោះបឋម ស្ថាប័នសាធារណៈឬវិស័យឯកជនយល់ដឹង ពីវិធីសង្គ្រោះបឋមសម្រាប់ប្រធានបទ ទិវាពិភពលោកសង្គ្រោះបឋមឆ្នាំ២០២៤ សង្គ្រោះបឋមនិងកីឡា មានគោលបំណងបង្ហាញពីចំណុចសំខាន់ និងមានថាមពល ដេីម្បីស្វែងយល់សង្គ្រោះបឋម៕